នៅពេលដែលការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀតកំពុងរីករាលដាល តើយើងអាចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋយើងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដោយរបៀបណា? លោក កៅ វៃ សមាជិកសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងជាប្រធានការិយាល័យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យ យូណាន បានសរសេរអត្ថបទមួយនៅក្នុងកាសែតប្រជាជន ដេលី កាលពីថ្ងៃទី ១១ ខែមីនា ដោយបានបញ្ជាក់ថា យើងគួរតែបង្កើតយន្តការស្តីពីការគ្រប់គ្រងឧក្រិដ្ឋកម្មឆ្លងព្រំដែនក្នុងតំបន់ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ និងសន្ធិសញ្ញាទ្វេភាគី ហើយបង្កើនកិច្ចសហប្រតិបត្តិការផ្លូវច្បាប់ពហុភាគី និងទ្វេភាគី ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងព្រំដែន។
អត្ថបទនេះបានចង្អុលបង្ហាញថា ក្នុងគោលបំណងនៃការបង្ក្រាបការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត យើងគួរតែបង្កើតយន្តការរយៈពេលវែង ជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងតំបន់ និងបង្កើតយន្តការសហការសម្រាប់កិច្ចសហប្រតិបត្តិការផ្លូវច្បាប់ក្នុងតំបន់ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងព្រំដែន។ ឧទាហរណ៍ សន្ធិសញ្ញាពហុភាគីអាចត្រូវបានចុះហត្ថលេខាលើការគ្រប់គ្រងឧក្រិដ្ឋកម្មឆ្លងដែនដែលមានប្រភេទជាក់លាក់ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ក្របខណ្ឌនៃសន្ធិសញ្ញាពហុភាគីអាចចែងបានច្បាស់លាស់អំពីកាតព្វកិច្ច និងផ្លូវអនុវត្តជាក់លាក់សម្រាប់ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៃប្រទេសពាក់ព័ន្ធ ជាពិសេស ត្រូវចែងបានច្បាស់អំពីសកម្មភាពនយោបាយ និងប្រព័ន្ធច្បាប់ពាក់ព័ន្ធដែលប្រទេសនានាគួរតែអនុវត្ត ដើម្បីបង្កើតឱ្យមានភាពស៊ីគ្នា និងការឯកភាពគ្នាក្នុងកម្រិតតំបន់ដែលទាក់ទងនឹងការវាយតម្លៃផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្មឆ្លងដែនជាក់លាក់។ ទន្ទឹមនឹងនេះដែរ សម្រាប់តំបន់ដែលជួបនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនយ៉ាងធ្ងន់ធ្ងរ ប្រទេសយើងអាចចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីជាមួយប្រទេសពាក់ព័ន្ធ ដើម្បីឈានដល់ចំណុចឯកភាពគ្នាយ៉ាងច្បាស់លាស់លើបញ្ហាមួយចំនួនដូចជា ការដាក់ទណ្ឌកម្ម ឬការធ្វើបត្យាប័នជនជាប់សង្ស័យជាជនជាតិចិននៅក្នុងតំបន់ជាក់លាក់ និងការជួយសង្គ្រោះ និងការពារជនរងគ្រោះជាជនជាតិចិននៅក្នុងតំបន់ជាក់លាក់ ដើម្បីធានាថា ឧក្រិដ្ឋកម្មអាចត្រូវបានគ្រប់គ្រង និងបង្ក្រាបតាមបែបខ្សែសង្វាក់ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះ។