ថ្ងៃទី ១១ ខែមីនា អ្នកសារព័ត៌មានបានទទួលដំណឹងពីអគ្គរដ្ឋបាលជាតិពន្ធដារចិនឱ្យដឹងថា បើតាមទិន្នន័យនៃវិក្កយបត្រពន្ធតម្លៃបន្ថែមបង្ហាញឱ្យឃើញថា ចាប់ពីខែតុលាឆ្នាំ ២០២៤ ដល់ខែកុម្ភៈឆ្នាំ ២០២៥ ល្បឿនកំណើននៃប្រាក់ចំណូលដែលបានមកពីការលក់ទំនិញនៃសហគ្រាសទូទាំងប្រទេសចិនបានកើនឡើង ១,១% បើធៀបនឹងត្រីមាសទី ៣ នៃឆ្នាំ ២០២៤ ដែលជានិន្នាការសេដ្ឋកិច្ចងើបឡើងវិញនិងមានភាពល្អប្រសើរឡើង។
តាំងពីចុងខែកញ្ញាឆ្នាំ ២០២៤ មក គោលនយោបាយបន្ថែមមួយចំនួនរបស់រដ្ឋាភិបាលចិនទទួលបានប្រសិទ្ធភាពជាបន្តបន្ទាប់បូករួមទាំងគោលនយោបាយមានស្រាប់ដែលត្រូវបានអនុវត្តជាក់ស្តែងដោយមានប្រសិទ្ធភាព ទាំងនេះបានលើកកម្ពស់ជំនឿចិត្តក្នុងទីផ្សារយ៉ាងខ្លាំង និងបង្កើនកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ច។
ទិន្នន័យបង្ហាញថា ឧស្សាហកម្មកម្មន្តសាលបានកើនឡើងដោយនឹងនរ ការផលិតគ្រឿងបរិក្ខារមានតួនាទីទ្រទ្រង់ខ្លាំងបង្គួរ។ ចាប់ពីខែតុលាឆ្នាំ ២០២៤ ដល់ខែកុម្ភៈឆ្នាំ ២០២៥ ប្រាក់ចំណូលដែលបានមកពីការលក់ទំនិញនៃឧស្សាហកម្មកម្មន្តសាលបានកើនឡើង ៣,៦% បើធៀបនឹងរយៈពេលដូចគ្នា។ ក្នុងអំឡុងពេលដដែលនេះ ប្រាក់ចំណូលដែលបានមកពីការលក់ទំនិញនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ១០.៦% ក្នុងនោះ ប្រាក់ចំណូលដែលបានមកពីសេវាកម្មបច្ចេកវិទ្យាខ្ពស់ និងកម្មន្តសាលបច្ចេកវិទ្យាខ្ពស់បានកើនឡើង ១១,៧% និង ៩% ដោយឡែកពីគ្នា៕