ព្រឹកថ្ងៃទី៧ខែមីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានរៀបចំធ្វើសន្និសីទសារព័ត៌មាន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីបញ្ហាពាក់ព័ន្ធនឹង “គោលនយោបាយការទូតនិងទំនាក់ទំនងអន្តរជាតិរបស់ចិន” ។
ពេលថ្លែងអំពីរបៀបរៀបរយអន្តរជាតិ លោក Wang Yi បានលើកឡើងថា លើពិភពលោកមានប្រទេសជាង១៩០ ប្រសិនបើប្រទេសនានាសុទ្ធតែសង្កត់ធ្ងន់ពីអាទិភាពរបស់ខ្លួន សុទ្ធតែងប់នឹងឋានៈនិងអំណាច នោះ ពិភពលោកនេះនឹងដើរថយក្រោយទៅរករូបមន្តអភិវឌ្ឍន៍បែបច្បាប់ព្រៃ ហើយរបៀបរៀបរយនិងសណ្តាប់ធ្នាប់អន្តរជាតិនឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ។ ប្រទេសធំមិនត្រូវគិតតែផលប្រយោជន៍ទេ ហើយក៏មិនត្រូវជិះជាន់អ្នកដទៃដែរ ។ មិត្តភក្តិគួរតែរាប់អានគ្នាជាប់រហូតនិងមានផលប្រយោជន៍រួម ៕