ព្រឹកថ្ងៃទី៧ខែមីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានរៀបចំធ្វើសន្និសីទសារព័ត៌មាន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីបញ្ហាពាក់ព័ន្ធនឹង “គោលនយោបាយការទូតនិងទំនាក់ទំនងអន្តរជាតិរបស់ចិន” ។
លោក Wang Yi បានលើកឡើងថា ឆ្នាំ២០២៤ជាឆ្នាំមួយដែលនិម្មាបនកម្មអន្តរជាតិកើតមានការប្រែប្រួលយ៉ាងស៊ីជម្រៅ ហើយក៏ជាឆ្នាំមួយដែលកំណែទម្រង់និងការអភិវឌ្ឍរបស់ចិនមានភាពរីកចម្រើនផងដែរ ។ ការទូតចិនទទួលបានវឌ្ឍនភាពដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបានបង្កបរិយាកាសខាងក្រៅដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនាំមកនូវស្ថិរភាពដ៏មានតម្លៃជូនដល់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើ ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិបានបោះជំហានថ្មីយ៉ាងមុតមាំ ។ ស្ថានការណ៍អន្តរជាតិឆ្នាំនេះនៅតែពោរពេញដោយបញ្ហាប្រឈមដដែល ប៉ុន្តែគោលបំណងដើមនៃការទូតចិនមិនកែប្រែទេ យើងនឹងបន្តរួមជាមួយប្រទេសនានាដើម្បីប្រកាន់ខ្ជាប់ភាពយុត្តិធម៌នៃមនុស្សជាតិ ក្តាប់ជាប់ចរន្តនៃយុគសម័យ ការពារសមភាពនិងយុត្តិធម៌អន្តរជាតិ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោក ៕