នៅថ្ងៃទី ៦ ខែមីនា ទីក្រុវៃណាន ខេត្តសាន់ស៊ី ប្រទេសចិន និងខេត្ត Houaphan ប្រទេសឡាវ បានរួមគ្នាប្រារព្ធពិធីអបអរសាទរខួបលើកទី ៩ នៃការបង្កើតកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ និងពិធីអបអរសាទរទិវាអន្តរជាតិនារី ព្រមទាំងបានរៀបចំកិច្ចប្រជុំផ្លាស់ប្តូរឧស្សាហកម្មស្ត្រី។ ថ្នាក់ដឹកនាំពាក់ព័ន្ធ និងតំណាងសហគ្រិនស្ត្រីមកពីកន្លែងទាំងពីរ បានប្រមូលផ្តុំគ្នាដើម្បីធ្វើការផ្លាស់ប្តូរគ្នាតាមអនឡាញអំពីវប្បធម៌ និងឧស្សាហកម្មនៃកន្លែងទាំងពីរ ជាពិសេសជួយឱ្យស្ត្រីដើរឆ្ពោះទៅកាន់ជីវភាពធូរធារ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកន្លែងទាំងពីរ។
នៅក្នុងពិធីនេះ សិប្បករត្បាញចំបើងរបស់ទីក្រុងវៃណានបានបង្ហាញពីគំនិតច្នៃប្រឌិតនៃជំនាញ "ប្រែចំបើងស្រូវសាលីទៅជាខ្សែមាស" ហើយបានត្រួសត្រាយផ្លូវទៅកាន់ភាពធូរធារសម្រាប់ស្ត្រីក្នុងការស្វែងរកការងារធ្វើនៅក្បែរផ្ទះ តាមរយៈការបង្កើតសហករណ៍កសិកម្ម។ អ្នកបន្តវេនសិប្បកម្មប៉ាក់ដែលជាបេតិកភណ្ឌវប្បធម៌អរូបី បានបង្ហាញពីសិប្បកម្មប៉ាក់យ៉ាងមានភាពប៉ិនប្រសប់ ដែលបានបង្ហាញពីរូបមន្តរកការងារថ្មីៗ គឺ "រោងសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី+ធ្វើការងារនៅឯផ្ទះ" ដែលជាវិធីសាស្ត្រថ្មីសម្រាប់ជួយស្ត្រីបង្កើនចំណូលតាមរយៈវប្បធម៌ប្រពៃណី។ ខេត្ត Houaphan ក៏បានបង្ហាញពីលក្ខណៈពិសេសនៃការអភិវឌ្ឍ រួមមានការរួមបញ្ចូលគ្នារវាងសិប្បកម្មត្បាញប្រពៃណី និងគំនិតឌីហ្សាញទំនើប ដែលតំណាងឱ្យការទទួលបន្ត និងផ្សព្វផ្សាយសិប្បកម្មប្រពៃណី ព្រមទាំងការផ្សព្វផ្សាយអនុផលកសិកម្មពិសេសតាមអនឡាញ ដែលបង្ហាញពីសក្តានុពលនៃឧស្សាហកម្មបៃតង។ ក្រៅពីនេះ នៅមានសកម្មភាពទទួលយកបទពិសោធន៍អំពីវប្បធម៌តែរបស់ប្រទេសចិន ដែលអ្នកបង្ហាញវប្បធម៌ឆុងតែផ្សព្វផ្សាយពីគំនិតនៃការផ្លាស់ប្តូរវប្បធម៌ដែល "ប្រើប្រាស់តែជាមធ្យោបាយ" តាមរយៈការសម្តែងប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង។
ពិធីនេះបានប្រារព្ធឡើងក្រោមប្រធានបទ "ការផ្លាស់ប្តូរឧស្សាហកម្មរបស់ស្ត្រី" ដើម្បីពង្រឹងចំណងមិត្តភាពរវាងកន្លែងទាំងពីរ តាមរយៈការរៀនសូត្រគ្នាទៅវិញទៅមកខាងវប្បធម៌ និងការតភ្ជាប់គ្នាខាងឧស្សាហកម្ម។ ភាគីទាំងពីរបានឯកភាពលើការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសិប្បកម្មពិសេស ពាណិជ្ជកម្មកសិផល សមាហរណកម្មទេសចរណ៍ និងវប្បធម៌ជាដើម ដោយពឹងផ្អែកលើយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីជួយស្ត្រីកាន់តែច្រើនទទួលបានឯករាជ្យភាពសេដ្ឋកិច្ច និងសម្រេចនូវតម្លៃសង្គមរបស់ខ្លួន ព្រមទាំងរួមចំណែកជាប្រាជ្ញាឈ្លាសវៃក្នុងការកសាងសហគមន៍វាសនារួមរវាងប្រទេសចិន និងបណ្តាប្រទេសទន្លេមេគង្គ។