កាលពីថ្ងៃទី ២៥ ដល់ទី ២៦ ខែកុម្ភៈ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខអនុវត្តច្បាប់ចម្រុះ ឡានឆាង-មេគង្គ បានរៀបចំកិច្ចប្រជុំតុមូលស្តីពីការវិភាគស្ថានភាពឧក្រិដ្ឋកម្មក្នុងតំបន់ទន្លេឡានឆាង-មេគង្គលើកទី ២ នៅទីក្រុងគុនមីងនៃខេត្តយូណាន។
តំណាងដែលមកពីអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈចិន ក្រសួងសន្តិសុខសាធារណៈ និងការពារជាតិឡាវ ក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា នគរបាលភូមិន្ទថៃ ក្រសួងសន្តិសុខសាធារណៈវៀតណាម ការិយាល័យបង្ក្របបទល្មើសគ្រឿងញៀននៃអង្គការសហប្រជាជាតិ អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ និងអង្គការប៉ូលីសអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ។ អង្គប្រជុំបានធ្វើការវិភាគ និងពិភាក្សាយ៉ាងស៊ីជម្រៅដោយផ្តោតលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ គ្រឿងញៀន និងឧក្រិដ្ឋកម្មថ្មីៗមួយចំនួនទៀត។
កិច្ចប្រជុំនេះបានចង្អុលបង្ហាញថា ស្ថានភាពឧក្រិដ្ឋកម្មឆ្លងដែននាពេលបច្ចុប្បន្នក្នុងតំបន់ទន្លេឡានឆាង-មេគង្គនៅតែមានសភាពស្មុគស្មាញ ហើយវិធីសាស្រ្តឧក្រិដ្ឋកម្មត្រូវបានផ្លាស់ប្តូរឥតឈប់ឈរ ពោលគឺ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅតែកើតមាន ហើយជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មផ្សេងៗដូចជា ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណែត ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ជាដើម ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពសង្គមក្នុងតំបន់ទៀតផង។ អង្គប្រជុំបានឯកភាពគ្នាថា ការបង្កើនការចែករំលែកព័ត៌មាន ពង្រឹងការអនុវត្តច្បាប់រួមគ្នា លើកកម្ពស់សមត្ថភាពនៃការអនុវត្តច្បាប់ និងការបង្ក្រាបឧក្រិដ្ឋកម្ម គឺជាវិធានការដ៏សំខាន់សម្រាប់ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។
កិច្ចប្រជុំតុមូលនេះបានពង្រឹងបន្ថែមទៀតនូវចំណុចឯកភាពលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ និងបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននាពេលអនាគត។ ភាគីនានានឹងបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងប្រតិបត្តិការអនុវត្តច្បាប់រួមគ្នា ដើម្បីរួមគ្នារក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។
ក្នុងកិច្ចប្រជុំតុមូលនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខអនុវត្តច្បាប់ចម្រុះ ឡានឆាង-មេគង្គ បានរៀបចំតំណាងមកពីស្ថាប័នអនុវត្តច្បាប់នៃប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមឱ្យរួមគ្នាបើកដំណើរការនូវ "ប្រតិបត្តិការសន្តិសុខ ឡានឆាង-មេគង្គ ឆ្នាំ ២០២៥"។