ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមសន្និសីទសន្តិសុខក្រុងMunich ហើយបានថ្លែងសុន្ទរកថាក្រោមចំណងជើងថា « ចិនធ្វើជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនាក្នុងពិភពលោកដែលកំពុងធ្វើកំណែទម្រង់» ក្នុង “សន្និសីទពិសេសអំពីចិន ” ។
លោក Wang Yi បានថ្លែងថា ការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកជាប្រវត្តិសាស្រ្តដែលចៀសមិនរួចផង ហើយក៏ជាការពិតជាក់ស្តែងថ្មីដែលកំពុងកើតមានផងដែរ ។ ការជំរុញការបង្កើតពហុប៉ូលភាវូបនីយកម្មពិភពលោកប្រកបដោយសមភាព និងរបៀបរៀបរយ ជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយទៀតដែលលើកឡើងដោលោក Xi Jinping ប្រធានរដ្ឋចិន ហើយក៏ជាក្តីរំពឹងទុកយ៉ាងស្មោះរបស់ពួកយើងចំពោះការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកផងដែរ ។ លោក Wang Yi បានអធិប្បាយពីគំនិត៤ចំណុចរបស់ចិនស្តីពីការធ្វើពហុប៉ូលភាវូបនីយកម្ម ។
ទីមួយ គួរផ្តួចផ្តើមឱ្យគោរពការរាប់អានគ្នាប្រកបដោយសមភាព ។ ទីពីរគួរគោរពនិតីរដ្ឋអន្តរជាតិ ។ ទីបី គួរអនុវត្តពហុភាគីនិយម ។ ទីបួន គួរប្រកាន់ខ្ជាប់ការបើកទូលាយនិងឈ្នះ-ឈ្នះ ។
លោក Wang Yi បានគូសបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែសម្គាល់ឃើញថា ទ្វីបអឺរ៉ុបជាប៉ូលដ៏សំខាន់មួយក្នុងការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក ។ ភាគីទាំងពីរចិននិងអឺរ៉ុបជាដៃគូមិនមែនជាគូប្រជែងនោះទេ ប្រទេសចិនរីករាយរួមសហការជាមួយភាគីអឺរ៉ុប ចាត់ទុកខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអឺរ៉ុបជាឱកាសមួយ ធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យពិភពលោកឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាពនិងវឌ្ឍនភាព ៕