រដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសន៍នៃប្រទេសចិនបានចេញផ្សាយសេចក្តីប្រកាសកាលពីថ្ងៃទី ១០ ខែកុម្ភៈថា ចាប់ពីថ្ងៃនេះតទៅ អនុវត្តគោលនយោបាយអំពីការលើកលែងទិដ្ឋាការចំពោះក្រុមទេសចរណ៍នៃប្រទេសអាស៊ានដែលចូលមកតំបន់ស៊ីសាំងប៉ានណានៃខេត្តយូណាន ។
"ផ្លូវរថភ្លើងចិន-ឡាវពិតជាលឿនណាស់ ហើយងាយស្រួលផង"។ នៅថ្ងៃទី ១១ អ្នកដំណើរជនជាតិម៉ាឡេស៊ីឈ្មោះ ថាង សៀសួង បានសរសើរដោយស្មោះនៅលើរថភ្លើងលេខ D៨៧ ពីក្រុងគុនមីងទៅក្រុងវៀងចន្ទន៍ថា "នេះជាលើកទី ២ ដែលខ្ញុំធ្វើដំណើរមកកាន់ប្រទេសចិន បើប្រៀបធៀបនឹងលើកទី ១ ដែលជិះយន្តហោះមក ការជិះរថភ្លើងធ្វើឱ្យខ្ញុំអាចទស្សនាទេសភាពដ៏ស្រស់ស្អាតតាមផ្លូវ និងមានបទពិសោធន៍កាន់តែប្រសើរ"។
ចាប់តាំងពីដើមឆ្នាំនេះមក ការធ្វើទេសចរណ៍ទៅស៊ីសាំងប៉ានណារបស់ភ្ញៀវទេសចរណ៍ពីបណ្តាប្រទេសអាស៊ានបានកើនឡើងជាង ២,៥ ដង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងចំណោមប្រទេសអាស៊ាននានា ប្រទេសថៃ និងម៉ាឡេស៊ីបានជាប់ឈ្មោះក្នុងចំណោមប្រទេសប្រភពភ្ញៀវទេសចរធំជាងគេទាំង ១០ ដែលចូលមកស៊ីសាំងប៉ានណាក្នុងឆ្នាំនេះ។
ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់ការអភិវឌ្ឍ "ទេសចរណ៍ឆ្លងព្រំដែន" ចាប់តាំងពីដើមឆ្នាំនេះមក មជ្ឈមណ្ឌលប្រតិបត្តិការ និងគ្រប់គ្រងផ្លូវរថភ្លើងចិន-ឡាវ ក្រុងវៀងចន្ទន៍ បានបន្ថែមសេវាពហុភាសាសម្រាប់បម្រើដល់អ្នកដំណើរអន្តរជាតិដែលមិនអាចយល់ភាសាចិន ឡាវ ឬអង់គ្លេសបាន។
ជាមួយគ្នានេះ ក្នុងនាមជាកំពង់ផែស្ងួតសុខភាពអន្តរជាតិដំបូងគេ ច្រកផ្លូវដែកម៉ូហានបានបង្កើតស្ថានីយសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ដោយបំពាក់នូវឧបករណ៍ AED ឧបករណ៍ត្រួតពិនិត្យ ECG ប្រអប់ថ្នាំសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារផ្សេងៗទៀត ដើម្បីផ្តល់សេវាកម្មឆ្លងព្រំដែនអាទិភាពមួយចំនួនដល់អ្នកដំណើរដែលត្រូវការការចូលព្រំដែន និងទទួលការសង្គ្រោះបន្ទាន់។ ស្ថានីយរថភ្លើងក៏បានបន្ថែមម៉ាស៊ីន ATM ថ្មីនៅក្នុងសាលត្រួតពិនិត្យការឆ្លងព្រំដែន ហើយអ្នកដំណើរបរទេសអាចប្រើប្រាស់កាតធនាគារបរទេសដើម្បីដកប្រាក់ RMB បាន ដែលបានបំពេញតម្រូវការជាក់ស្តែងរបស់អ្នកដំណើរអន្តរជាតិ។
ដោយពឹងផ្អែកលើភាពងាយស្រួលនៃផ្លូវរថភ្លើងចិន-ឡាវ និងគោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសចិន ផ្លូវរថភ្លើងចិន-ឡាវនឹងដើរតួនាទីកាន់តែសំខាន់។ នៅខែមករាឆ្នាំនេះ អ្នកដំណើរដែលចូល និងចេញព្រំដែនចិនតាមផ្លូវរថភ្លើងចិន-ឡាវ មានចំនួន ២៩៩៦៤ នាក់ កើនឡើង ៦៣%។ ទន្ទឹមនឹងនេះដែរ ការនាំចូល និងនាំចេញទំនិញតាមផ្លូវរថភ្លើងចិន-ឡាវ មានចំនួន ៤៧៨ ពាន់តោន ដែលមានតម្លៃសរុប ១៣៣០ លានយាន់ កើនឡើង ៧% និង ២% រៀងខ្លួន។