ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៣នឹងប្រារព្ធឡើងនៅទីក្រុងប៉េកាំងក្នុងខែកក្កដា

CRI, February 14, 2025
Size:

   ថ្ងៃទី ៦ ខែកុម្ភៈ  អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនឱ្យដឹងថា ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៣ នឹងប្រារព្ធឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកក្កដាឆ្នាំ២០២៥ ផ្ទៃដីតាំងពិព័រណ៍សរុបមានទំហំ ១២ម៉ឺនម៉ែត្រការ៉េ ជាមួយនឹងតំបន់តាំងពិព័រណ៍សេវាកម្មខ្សែផ្គត់ផ្គង់  និងខ្សែសំខាន់ៗចំនួន ៦  រួមមានខ្សែសង្វាក់ផលិតកម្មទំនើប ខ្សែសង្វាក់ថាមពលស្អាត ខ្សែសង្វាក់រថយន្តឆ្លាតវៃ ខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថល ខ្សែសង្វាក់ជីវភាពបៃតង និងខ្សែសង្វាក់កសិកម្មបៃតង។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជិត ២០០ បានចុះកិច្ចព្រមព្រៀងដើម្បីចូលរួមក្នុងពិព័រណ៍នេះ។

  ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដំបូងគេរបស់ពិភពលោកដែលធ្វើក្រោមប្រធានបទនៃខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិគឺជាផលិតផលសាធារណៈអន្តរជាតិដែលចែករំលែកដោយពិភពលោកទាំងមូល។ ចាប់តាំងពីឆ្នាំ ២០២៣មក ពិព័រណ៍នេះបានប្រារព្ធឡើងដោយជោគជ័យពីរលើក ដោយបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមានសុវត្ថិភាព ស្ថិរភាព បើកចំហ និងបរិយាប័ន្ន៕