សហគ្រាសបរទេសកាន់តែច្រើនឡើងៗមិនត្រឹមតែនឹងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងទទួលបានភាពឈ្នះ-ឈ្នះនៅប្រទេសចិនទៀងផង

CRI, February 13, 2025
Size:

      ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៤ខែមករា កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានបើកធ្វើនៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស ។ ក្នុងនាមជាវេទិកាដ៏សំខាន់មួយសម្រាប់ពិគ្រោះពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសកល វេទិការដាវ៉ូសត្រូវគេប្រសិទ្ធនាមថាជា “កញ្ចក់នៃសេដ្ឋកិច្ចសកល” ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ មានសភាពកាន់តែខ្លាំងឡើងៗ ជាពិសេសគឺការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មី ដូចជាបញ្ញាសិប្បនិមិ្មតនិងការគណនាកង់ទិចជាដើម ប៉ុន្តែព្រមពេលជាមួយគ្នានេះ សង្គ្រាមពន្ធគយនិងសង្គ្រាមពាណិជ្ជកម្មក៏កាន់តែធ្ងន់ធ្ងរដែរ ។ ក្នុងបរិបទបែបនេះ កិច្ចប្រជុំឆ្នាំនេះបានធ្វើឡើងក្រោមប្រធានបទ “កិច្ចសហប្រតិបតិ្តការក្នុងយុគសម័យវៃឆ្លាត” ដែលមានសារសំខាន់ជាក់ស្តែងក្រៃលែង ។ អ្នកផងទាំងពួងបានផ្តោតសំខាន់ទៅលើប្រទេសចិនជាថ្មីម្តងទៀត ហើយចាប់អារម្មណ៍លើកិច្ចសហប្រតិបតិ្តការរបស់អង្គភាពសេដ្ឋកិច្ចធំពីរនៅលើពិភពលោកក្នុងយុគសម័យវៃឆ្លាត តើប្រការនេះនឹងនាំមកនូវការបំផុតគំនិតយ៉ាងណា ?

      ការរួមគ្នាជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ការរួមគ្នាបង្កើតកម្លាំងចលករថ្មីនិងឧត្តមភាពថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ការរួមគ្នាគាំពារនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងរួមគ្នាឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុចដូចពោលខាងលើ ធ្វើឱ្យអ្នកផងទាំងពួងបានរំលឹកឡើងវិញពីសុន្ទរកថាគន្លឹះរបស់លោក XiJinpingប្រធានរដ្ឋចិននៅក្រុងដាវ៉ូស ដែលបានតម្រង់ទិសដៅសម្រាប់ការជំរុញកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យវៃឆ្លាត ។ អង្គប្រជុំយល់ឃើញជាទូទៅថា គំនិតផ្តួចផ្តើមទាំងនេះបានតំណាងឱ្យទស្សនៈស្តីពីការច្នៃប្រឌិតថ្មី កិច្ចសម្របសម្រួល ភាពបៃតង ការបើកទូលាយនិងចែករំលែកជាមួយគ្នា ដែលមានអំណោយផលដល់ការបំបែករបាំងនិងលុបបំបាត់គម្លាតអភិវឌ្ឍន៍ដែលបង្កើតឡើងដោយប្រទេសមួយចំនួនតូច ក៏ដូចជានឹងធ្វើឱ្យការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចមានផលប្រយោជន៍កាន់តែច្រើន និងអាចចែករំលែកបានកាន់តែល្អ ។

      ដើម្បីជំរុញការបើកទូលាយនិងកិច្ចសហប្រតិបតិ្តការ ប្រទេសចិនមិនត្រឹមតែបានលើកឡើងគំនិតផ្តួចផ្តើមប៉ុណ្ណោះទេ ហើយក៏មានការអនុវត្តជាក់ស្តែងទៀតផង។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២៤ ប្រទេសចិនមានទិន្នន័យនាំចេញនាំចូលជាមួយប្រទេសនិងតំបន់ស្ទើតែទាំងអស់ក្នុងស្ថិតិរបស់អង្គការសហប្រជាជាតិ ដែលសម្រេចបាននូវកំណើនខាងការនាំចេញនាំចូលជាមួយដៃគូចំនួនជាង១៦០ គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសនិងតំបន់ចំនួនជាង១៥០ ។ កម្រិតសរុបនៃពន្ធគយចិនបានបញ្ចុះមកនៅត្រឹម៧,៣ភាគរយ ដែលជាកម្រិតទាបបង្គួរលើពិភពលោកទាំងមូល ។ ចាប់ពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ២០២៤មក ប្រទេសចិនបានលើកលែងពន្ធគយលើផលិតផល១រយភាគរយរបស់ប្រទេសអភិវឌ្ឍន៍តិចតួចដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន បានជំរុញឱ្យការនាំចូលរបស់ចិនពីប្រទេសពាក់ព័ន្ធកើនឡើង១៨,១ភាគរយក្នុងខែធ្នូ បានបង្កើនល្បឿន៥,៨ភាគរយបើប្រៀបធៀបនឹង១១ខែដើមឆ្នាំ២០២៤ ។ ប្រការទាំងនេះសុទ្ធតែបានបញ្ជាក់ថា ប្រទេសចិនបានពង្រីកចន្លោះអភិវឌ្ឍន៍របស់ប្រទេសផ្សេងទៀតតាមរយៈការអភិវឌ្ឍរបស់ខ្លួន ។

      បើកនិយាយដល់កិច្ចសហប្រតិបតិ្តការក្នុងយុគសម័យវៃឆ្លាត ពាក្យមួយដែលត្រូវតែលើកឡើង គឺការច្នៃប្រឌិតថ្មី ។ បច្ចុប្បន្ននេះ សមិទ្ធផលផ្នែកបច្ចេកវិទ្យា ដូចជាបញ្ញាសិប្បនិមិ្មត បច្ចេកវិទ្យាជីវសាស្ត្រនិងថាមពលបៃតងជាដើម បាននិងកំពុងបង្កើតផ្លូវប្រកួតប្រជែងថ្មីនិងអាជីវកម្មថ្មី ។ ប្រទេសចិនបានដើរឈានមុខគេក្នុងបដិវត្តន៍បច្ចេកវិទ្យាសកល និងការអភិវឌ្ឍបៃតង តាមរយៈការពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ហើយក៏បានចែករំលែកភាគលាភជាមួយបណ្តាប្រទេសនានាផងដែរ ។

      នៅថ្ងៃទី១៤ ខែមករា វេទិកាសេដ្ឋកិច្ចសកលលោកបានប្រកាសថា សហគ្រាសផលិតកម្មច្នៃប្រឌិតថ្មីចំនួន១៧ បានចូលរួមGlobal Lighthouse Network ក្នុងនោះ មានសហគ្រាសឬរោងចក្រចំនួន៨ ស្ថិតនៅក្នុងប្រទេសចិន ។ ប្រការនេះមានន័យថា ប្រសិទ្ធភាពផលិតកម្ម ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការច្នៃប្រឌិតថ្មីជានិរន្តរភាពជាដើមរបស់ចិនបានឈានដល់កម្រិតឈានមុខនៅលើផ្ទៃអន្តរជាតិ ។ ទិន្នន័យផ្លូវការរបស់ចិនបានបង្ហាញថា នៅឆ្នាំ២០២៤ សហគ្រាសទុនបរទេសដែលបង្កើតថ្មីនៅប្រទេសចិនមានចំនួន ៥៩០៨០សហគ្រាស បានកើនឡើង៩,៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ។

      ប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសចិននឹងអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិន។អាចប៉ាន់ប្រមាណថា នៅឆ្នាំថ្មី ប្រទេសចិននឹងបំពេញបន្ថែមស្ថិរភាពនិងកម្លាំងអភិវឌ្ឍន៍កាន់តែច្រើនដល់ពិភពលោកទាំងមូល ក៏ដូចជានឹងធ្វើឱ្យប្រជាជនកាន់តែច្រើនចែករំលែកឱកាសថ្មី ៕