ប្រទេសចិនដែលមានភាពរុងរឿងខាងសេដ្ឋកិច្ចនឹងបំពេញបន្ថែមភាពនឹងនរក្នុងសេដ្ឋកិច្ចសកល

CRI, February 12, 2025
Size:

        ពីរបីថ្ងៃកន្លងទៅនេះ នាវាដឹកជញ្ជូនមួយគ្រឿងរបស់ប្រទេសចិនដែលបានផ្ទុករថយន្តថាមពលថ្មីចំនួនជិត៥ពាន់គ្រឿងបានចេញដំណើរពីកំពង់ផែ Tai Cang ក្រុងSu Zhou ធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Zeebrugge នៃប្រទេស បែលហ្ស៊ិក ដើម្បីបំពេញតម្រូវការនៃទីផ្សារក្នុងតំបន់ដែលមានកំណើនជាបន្តបន្ទាប់ ។ នៅថ្ងៃទី ១៣ ខែមករា ក្រុមហ៊ុនBYDដែលជាក្រុមហ៊ុនផលិតរថយន្តនៃប្រទេសចិននិងជាប្រតិបតិ្តករនាវានេះ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា នៅឆ្នាំមុន បរិមាណលក់រថយន្តថាមពលថ្មីទៅកាន់បរទេសរបស់ក្រុមហ៊ុននេះ មានចំនួន៤១៧២០០គ្រឿង ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងទីផ្សារពិភពលោកទាំងមូល ។ នៅពេលអនាគត ក្រុមហ៊ុននេះសង្ឃឹមថា នឹងចាត់ប្រើសកម្មភាពកាន់តែច្រើនដើម្បី“បញ្ចុះកម្តៅឱ្យភពផែនដី”  ជួយផលិតផលបៃតងរបស់ចិនកាន់តែច្រើននាំចេញទៅកាន់បរទេស ក៏ដូចជាជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីក្នុងតំបន់ផងដែរ ។

        ការនាំចេញរថយន្តថាមពលថ្មីរបស់ចិនទៅកាន់បរទេស វាមិនត្រឹមតែបាននាំមកនូវផលិតផលប្រកបដោយគុណភាពខ្ពស់ដល់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាកម្លាំងចលករសម្រាប់ស្រូបទាញពាណិជ្ជកម្មជាមួយបរទេសផងដែរ ។ នៅថ្ងៃដដែល ទិន្នន័យដែលប្រទេសចិនប្រកាសជាផ្លូវការបានបង្ហាញថា នៅឆ្នាំ២០២៤ បរិមាណសរុបនៃការនាំចេញនាំចូលទំនិញរបស់ចិនបានឡើងដល់ ៤៣,៨៥ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ និងបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្នុងនោះ ទំហំនាំចេញទំនិញ បានឈានដល់២៥ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង បានកើនឡើង៧,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ បានរក្សាកំណើនក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ទំហំនាំចូលមានចំនួន១៨,៣៩ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង២,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ឋានៈរបស់ចិនដែលជាប្រទេសធំទីមួយលើវិស័យពាណិជ្ជកម្មទំនិញមានភាពកាន់តែរឹងមាំ 

        លោក Bai Ming សមាជិកគណៈកម្មការសញ្ញាបត្រនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ក្នុងបរិបទដែលការការពារផ្នែកពាណិជ្ជកម្មមានភាពកាន់តែធ្ងន់ធ្ងរ និងការប៉ះទង្គិចភូមិសាស្ត្រនយោបាយកើតមានជាបន្តបន្ទាប់ជាដើម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនទទួលបានសមិទ្ធផលដ៏ល្អបែបនេះ គឺបានមកដោយមិនងាយទេ ដែលបានបង្ហាញពីភាពធន់និងកម្លាំងរស់រវើក ។ បើមើលពីខាងក្រៅ ពាណិជ្ជកម្មអន្តរជាតិបាននិងកំពុងស្តារឡើងវិញជាសន្សឹមៗ បើមើលពីផ្ទៃក្នុង ឧត្តមភាពរបស់សេដ្ឋកិច្ចចិន ដូចជាមានមូលដ្ឋានរឹងមាំ មានភាពធន់និងសក្តានុពលយ៉ាងខ្លាំងជាដើម មិនកែប្រែទេ ថែមទាំងរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយមួយចំនួនដើម្បីលំនឹងពាណិជ្ជកម្មជាមួយបរទេស និងជំរុញកំណើន ដូច្នេះ កត្តាទាំងនេះធ្វើឱ្យប្រទេសចិនទទួលបានតារាងពិន្ទុគួរឱ្យកត់សម្គាល់លើវិស័យពាណិជ្ជកម្មជាមួយបរទេស ។

        តើរបាយការណ៍ប្រចាំឆ្នាំអំពីពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានអត្ថន័យយ៉ាងណាចំពោះពិភពលោក វាមិនត្រឹមតែបានផ្តល់ផលិតផលគុណភាពខ្ពស់ដែលប្រកបដោយថាមពលបៃតងនិងកាន់តែថ្មីជាច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ទីផ្សារកាន់តែធំ និងចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយផងដែរ ។ នៅឆ្នាំ២០២៤ ប្រទេសចិនបាននាំចូលទំនិញខ្នាតធំសរុបជិត៣ពាន់លានតោន ផលិតផលគ្រឿងយន្តនិងផលិតផលអេឡិចត្រូនិកសរុបលើសពី៧ទ្រីលានយាន់ប្រាក់ចិន និងទំនិញប្រើប្រាស់សរុបជិត១,៨ទ្រីលានយាន់ប្រាក់ចិន ។ ប្រការនេះបានបំពេញតម្រូវការដ៏ច្រើនបែបយ៉ាងលើវិស័យផលិតកម្មនិងប្រើប្រាស់នៃប្រទេសចិនផង ហើយក៏បានចែករំលែកទីផ្សារធំរបស់ចិនជាមួយពិភពលោកផងដែរ ដែលបានជំរុញការអភិវឌ្ឍរួមរបស់ប្រទេសពាក់ព័ន្ធ ។

        ទិន្នន័យថ្មីបំផុតដែលអង្គការពាណិជ្ជកម្មពិភពលោកប្រកាសបានបង្ហាញថា គិតរហូតដល់បីត្រីមាសដើមឆ្នាំ២០២៤ ល្បឿនកំណើននៃការនាំចូលរបស់ចិនលើសពី១ភាគរយប្រើប្រៀងធៀបនឹងពិភពលោកទាំងមូល តាមការប៉ាន់ប្រមាណ ក្នុងពេញមួយឆ្នាំ ចិននឹងបន្តរក្សាឋានៈជាប្រទេសនាំចូលធំទីពីរ ។ អ្នកវិភាគបានលើកឡើងថា យោងតាមការដែលប្រទេសចិនខិតខំពង្រីកតម្រូវការក្នុងស្រុក កំណើនខាងការនាំចូលនឹងមានចន្លោះកាន់តែធំ តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ២០៣០ គ្រាន់តែគិតពីប្រទេសកំពុងអភិវឌ្ឍន៍តែប៉ុណ្ណោះ ក៏មានសង្ឃឹមថានឹងនាំចូលទំនិញសរុបលើសពី៨ទ្រីលានដុល្លារអាមេរិក ដែលនឹងធ្វើឱ្យទីផ្សារធំរបស់ចិនក្លាយជាទីផ្សារធំដែលពិភពលោកអាចចែករំលែកជាមួយគ្នាថែមមួយកម្រិតទៀត ។ នាពេលថ្មីៗកន្លងទៅនេះ ដោយសារប្រទេសចិនបានដាក់ចេញគោលនយោបាយជំរុញកំណើនមួយចំនួន បានជាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោកជាដើមបានដំឡើងការប៉ាន់ប្រមាណទុកជាមុនចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ដល់៥ភាគរយ ដែលបានខ្ពស់ជាងកម្រិតមធ្យមរបស់ពិភពលោកយ៉ាងច្រើន ។

        បច្ចុប្បន្ននេះ ឥទិ្ធពលនៃភូមិសាស្ត្រនយោបាយ ឯកតោភាគីនិយមនិងការពានិយមមានសភាពកាន់តែខ្លាំងឡើង ពាណិជ្ជកម្មពិភពលោកក៏នៅតែប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរដដែល ។ ក្នុងនាមជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញ ប្រទេសចិនមានជំនឿចិត្តនិងមានសមត្ថភាពឆ្លើយតបនឹងការសាកល្បង ពង្រឹងពាណិជ្ជកម្មជាមួយបរទេសនិងជំរុញកំណើនជាបន្តបន្ទាប់ ដើម្បីចែករំលែកភាគលាភអភិវឌ្ឍន៍ជាមួយពិភពលោក ៕