កាលពីថ្ងៃទី ៨ ខែកុម្ភៈ សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញកិច្ចកសាងសហគមន៍រួមវាសនាចិន-ថៃ ប្រកបដោយស្ថិរភាព វិបុលភាព និងចីរភាព ជាមួយនឹងវិធីសាស្រ្តតម្រង់ទិសអនាគត និងចាត់ទុកប្រជាជនជាស្នូលរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃ បានចេញផ្សាយជាផ្លូវការ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា ភាគីទាំងពីរសង្កត់ធ្ងន់ថា ក្រោមយន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឡានឆាង-មេគង្គ និងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ភាគីទាំងពីរប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ដែលគ្មានការអត់ឱនសោះ ក្នុងការពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការរត់ពន្ធគ្រឿងញៀន ល្បែងស៊ីសងតាមអនឡាញខុសច្បាប់ និងការលាងលុយកខ្វក់ ព្រមទាំងអនុវត្តប្រតិបត្តិការយាមល្បាត និងអនុវត្តច្បាប់រួមគ្នាតាមទន្លេមេគង្គ។
ភាគីទាំងពីរនឹងពិភាក្សាបន្ថែមទៀតអំពីការបង្កើតយន្តការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗ ដើម្បីបង្ក្រាបល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ ភាគីទាំងពីរបានឯកភាពចូលរួមយ៉ាងសកម្មនៅក្នុង "ប្រតិបត្តិការឡានឆាង-មេគង្គប្រកបដោយសុវត្ថិភាព" រួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ឡានឆាង-មេគង្គ និងការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់។