ឧបករណ៍មុជទឹកផ្ទុកមនុស្សឈ្មោះថា Jiaolong ដែលជាឧបករណ៍សំខាន់ របស់ជាតិសម្រាប់ធ្វើការសិក្សាស្រាវជ្រាវនៅសមុទ្រជ្រៅរបស់ប្រទេសចិន ក្រោយពីត្រូវបានកែលំអរួចរាល់ នឹងបញ្ចប់ការធ្វើតេស្តក្នុងអាងទឹកនៅខែកុម្ភៈឆ្នាំ ២០២៥ និងធ្វើតេស្តក្នុងសមុទ្រនៅខែមីនា។
អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលគ្រប់គ្រងកិច្ចការមហាសមុទ្ររបស់ប្រទេសចិនឱ្យដឹងថា បច្ចុប្បន្ន អ្នកមុជទឹកនិងបុគ្គលិកបច្ចេកទេសកំពុងធ្វើការងារកែលំអឧបករណ៍មុជទឹកផ្ទុកមនុស្សឈ្មោះថា Jiaolong យ៉ាងដុតដៃដុតជើង។ ការលើកកម្ពស់ខាងបច្ចេកទេសនៃគ្រឿងបន្លាស់នេះនឹងពង្រឹងនូវសមត្ថភាពទូទៅនិងសមត្ថភាពប្រតិបត្តិការដោយសុវត្ថិភាពនៃឧបករណ៍នេះ ពង្រឹងសមត្ថភាពគ្រប់គ្រងដោយម្ចាស់ការនៃបច្ចេកទេសវាស់ស្ទង់ក្នុងសមុទ្រជ្រៅ និងរក្សាឧត្តភាពឈានមុខគេនៃបច្ចេកទេសឧបករណ៍មុជទឹកផ្ទុកមនុស្សJiaolong ដើម្បីផ្តល់ការគាំទ្រខាងបច្ចេកទេសដល់ជើងនាវាចរណ៍សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅសមុទ្រជ្រៅជំហានបន្ទាប់។
សូមជម្រាបថា ក្នុងនាមជាឧបករណ៍មុជទឹកផ្ទុកមនុស្សកម្រិត ៧ ពាន់ម៉ែត្រដែលប្រទេសចិនសិក្សាស្រាវជ្រាវនិងផលិតដោយខ្លួនឯង ឧបករណ៍មុជទឹកផ្ទុកមនុស្សJiaolong ជា"ឧបករណ៍សំខាន់របស់ជាតិ" របស់ប្រទេសចិនសម្រាប់ឈ្វេងយល់និងសិក្សាស្រាវជ្រាវសមុទ្រជ្រៅ ដែលបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការយល់ដឹងចំពោះសមុទ្រជ្រៅ និងលើកកម្ពស់កម្រិតសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ៕