ចាប់តាំងពីការចាប់ផ្តើមការប្រកួតរចនាសិល្បៈអន្តរជាតិ ឡានឆាង-មេគង្គ ឆ្នាំ ២០២៤ មក ការប្រកួតនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកឌីហ្សាញរចនាដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ហើយបានទទួលស្នាដៃចំនួនជាង ១០០០។ ការប្រកួតនេះមានគោលបំណងដែលផ្តោតលើប្រធានបទនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកទឹកចិត្តអ្នកឌីហ្សាញរចនាឱ្យបង្ហាញពីការគិតគូររបស់ពួកគេអំពីអនាគតពណ៌បៃតងតាមរយៈសិល្បៈ។ បន្ទាប់ពីការវាយតម្លៃយ៉ាងតឹងរ៉ឹងដោយគណៈកម្មការវាយតម្លៃអន្តរជាតិ ស្នាដៃរបស់លោក ឆឹង យីជឺ "ដំណើរថាមពលឡានឆាង-មេគង្គ" បានឈ្នះរង្វាន់ធំក្នុងការប្រកួត និងបានទទួលប្រាក់រង្វាន់ ២ ម៉ឺនយាន់។
បញ្ជីឈ្មោះអ្នកទទួលពានរង្វាន់ក្នុងការប្រកួតនេះក៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ ស្នាដៃរបស់ វ៉ាង សឹងយ៉ាង និង គូ យូហួ "បៃតងថ្មីនៃឡានឆាង-មេគង្គរួមគ្នាកសាងអនាគត" បានឈ្នះរង្វាន់លេខ ១ ស្នាដៃចំនួន ១០ រួមមាន "ថាមពលបៃតងថ្មី អនាគតថ្មីនៃឡានឆាង-មេគង្គ"របស់ ឆឹង យួសឹ ជាដើម បានឈ្នះរង្វាន់លេខ ២ ហើយនៅមានស្នាដៃចំនួន ២០ ទៀតបានឈ្នះរង្វាន់លេខ ៣។ ក្រៅពីនេះ ស្នាដៃចំនួន ៦០ បានទទួលពានរង្វាន់ឆ្នើមក្នុងការប្រកួតនេះ។
ការប្រកួតនេះមិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរ និងការដាក់តាំងបង្ហាញមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយដ៏សំខាន់សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងដែន និងមនសិការអំពីការការពារបរិស្ថានផងដែរ។ ស្នាដៃដែលចូលរួមការប្រកួតទាំងនេះ បានបង្ហាញពីទស្សនៈប្លែកៗ និងគំនិតច្នៃប្រឌិតថ្មីរបស់សិល្បករមកពីប្រទេសផ្សេងៗ ដែលជាការឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវជាសកលសម្រាប់ការអភិវឌ្ឍប្រកបដោយលក្ខណៈបៃតង។
ការប្រកួតរចនាសិល្បៈអន្តរជាតិ ឡានឆាង-មេគង្គ ឆ្នាំ ២០២៤ ត្រូវបានរៀបចំរួមគ្នាដោយស្ថាប័នមួយចំនួនធំ ហើយចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២០ មក ការប្រកួតនេះបានក្លាយជាការប្រកួតសិល្បៈដ៏ល្បីល្បាញនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។