នៅថ្ងៃទី ២១ ខែមករា មជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ឡានឆាង-មេគង្គបានរៀបចំកិច្ចប្រជុំបូកសរុបការងារក្នុងប្រតិបតិ្តការអនុវត្តច្បាប់រួម "Seagull" នៅទីក្រុងគុនមីងនៃខេត្តយូណានប្រទេសចិន ហើយក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈចិន ក្រសួងសន្តិសុខសាធារណៈ និងក្រសួងការពារជាតិនៃប្រទេសឡាវ ក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា អាជ្ញាធរនគរបាលភូមិន្ទនៃប្រទេសថៃ និងក្រសួងសន្តិសុខសាធារណៈវៀតណាមបានចាត់បញ្ជូនគណៈប្រតិភូឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ។ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ អង្គការនគរបាលអាស៊ាន និងអង្គការអន្តរជាតិមួយចំនួនទៀតក៏បានទទួលការអញ្ជើញឱ្យចូលរួមផងដែរ។
ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ ២០២៤ មជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ឡានឆាង-មេគង្គបានរៀបចំ និងអនុវត្តប្រតិបត្តិការអនុវត្តច្បាប់រួម "Seagull" ដើម្បីសម្របសម្រួលឱ្យស្ថាប័នអនុវត្តច្បាប់នៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ រួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធើណែត និងបទល្មើសរត់ពន្ធកាំភ្លើងនិងគ្រាប់រំសេវ។ យោងតាមស្ថិតិជាបឋម ក្នុងអំឡុងពេលប្រតិបត្តិការនេះ ភាគីទាំងអស់បានដោះស្រាយករណីផ្សេងៗចំនួនជាង ១៦០ ករណី ដែលភាគច្រើនជាករណីឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធើណែត ចាប់ខ្លួនជនសង្ស័យជាង ៧ ម៉ឺននាក់ និងបានជួយសង្គ្រោះជនរងគ្រោះជាង ១៦០ នាក់។
នៅឆ្នាំនេះ មជ្ឈមណ្ឌលនឹងចាប់ដំណើរការអនុវត្តនូវប្រតិបត្តិការអនុវត្តច្បាប់រួម "Seagull" ដំណាក់កាលទី ២ នៅពេលវេលាសមស្របមួយ ដោយផ្តោតលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធើណែត និងឧក្រិដ្ឋកម្មពាក់ព័ន្ធនានា ជាពិសេស ភាគីនានានឹងខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះប្រជាជនដែលបានបាត់ខ្លួន និងជាប់ឃុំនៃប្រទេសនានា ដើម្បីការពារយ៉ាងមានប្រសិទ្ធភាពនូវអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងថែរក្សាសន្តិសុខនិងស្ថិរភាពក្នុងតំបន់។