យប់ថ្ងៃទី ១៧ ខែមករា ស្ថានទូតចិនប្រចាំនៅវៀតណាមបានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងវៀតណាមនៅទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។
លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាមបានថ្លែងសុន្ទរកថាដែលរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងនៃទំនាក់ទំនងរវាងចិននិងវៀតណាមក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ ដោយលើកឡើងថា មេដឹកនាំកំពូលនៃគណបក្សទាំងពីរបានដឹកនាំប្រទេសចិន និងវៀតណាមដើរលើមាគ៌ានៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងការអភិវឌ្ឍរួមគ្នា។ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលប្រកបដោយគុណភាពខ្ពស់ និងជាក់ស្តែង ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគីជាមួយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដោយកម្រិតខ្ពស់ រួមគ្នាបង្កើតគំរូសម្រាប់ប្រទេសនានាក្នុងការរួមរស់នៅដោយសុខដុមរមនា និងជួយយកអាសាគ្នាទៅវិញទៅមក។
លោក NGUYỄN XUÂN THẮNG សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានគណៈកម្មាធិការទ្រឹស្តីមជ្ឈិម និងជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសវៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូល ហើយមានឆន្ទៈជំរុញការកសាងសហគមន៍រួមវាសនានៃប្រទេសទាំងពីរបន្តឈានដល់កម្រិតខ្ពស់ថ្មីដោយយកឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ៕