ព័ត៌មានសំខាន់ទាំង ១០ អំពីកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ឆ្នាំ ២០២៤ ចេញផ្សាយជាផ្លូវការ

lmcchina.org, January 20, 2025
Size:

នៅថ្ងៃទី ១៧ ខែមករា ព័ត៌មានសំខាន់ទាំង ១០ អំពីកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ឆ្នាំ ២០២៤ ត្រូវបានចេញផ្សាយជាផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ ដោយបានបង្ហាញពីសមិទ្ធផលដ៏អស្ចារ្យ សក្តានុពលដ៏ធំធេង និងអនាគតដ៏ភ្លឺស្វាងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទន្លេឡានឆាង-មេគង្គទាំង៦។

. ប្រទេសទាំង ៦ មានការជឿទុកចិត្តផ្នែកនយោបាយកាន់តែស៊ីជម្រៅ

នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន បានជួបពិភាក្សាការងារក្នុងទីក្រុងប៉េកាំងជាមួយឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នៅថ្ងៃទី ៧ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានអញ្ជើញមកចូលរួមកិច្ចប្រជុំយន្តការកម្រិតតំបន់ក្នុងប្រទេសចិន។ ឯកឧត្តម លី ឈាំង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំនេះ ដោយបានសង្កត់ធ្ងន់ថា ប្រទេសចិន និងបណ្តាប្រទេសទន្លេមេគង្គគឺជាសហគមន៍វាសនារួមដែលរាប់អានគ្នាដូចគ្រួសារតែមួយ ហើយប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ និងតំបន់ដែលមានភាពស្មុគស្មាញ យើងត្រូវតែសហការគ្នាយ៉ាងជិតស្និទ្ធ បញ្ចេញយ៉ាងពេញលេញនូវឧត្តមភាពដែលអាចបំពេញបន្ថែមគ្នាលើវិស័យសេដ្ឋកិច្ច និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ។


. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គលើកទី៩ បើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ

នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គលើកទី ៩ បានប្រារព្ធឡើងនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានថ្លែងថា នៅតាមផ្លូវដែលរួមគ្នាឆ្ពោះទៅរកទំនើបភាវូបនីយកម្ម យើងមានឆន្ទៈក្នុងការធ្វើដំណើរនាំមុខគេជាមួយបណ្តាប្រទេសទន្លេមេគង្គ ដើម្បីបង្កើតតំបន់គំរូអំពីការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ"ដោយមានគុណភាពខ្ពស់ តំបន់សាកល្បងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល តំបន់ពិសោធន៍អំពីគំនិតផ្តួចផ្តើមសន្តិសុខសកល និងតំបន់ឈានមុខអំពីគំនិតផ្តួចផ្តើមអរិយធម៌សកល ហើយជំរុញសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គឱ្យចាក់ឫសយ៉ាងជ្រៅ និងទទួលបាននូវសមិទ្ធផលជាក់ស្តែង។


. ផ្លូវរថភ្លើងចិន-ឡាវសម្រេចនូវការអភិវឌ្ឍដែលមានល្បឿនលឿនលើសពីការរំពឹងទុកក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីបានដាក់ឱ្យដំណើរការ

នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ ផ្លូវរថភ្លើងចិន-ឡាវបានគម្រប់ខួប ៣ ឆ្នាំ។ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ផ្លូវរថភ្លើងចិន-ឡាវបានដឹកអ្នកដំណើរសរុបជាង ៤៣ លាននាក់ ក្នុងនោះមានអ្នកដំណើរឆ្លងព្រំដែនជិត ៤ សែននាក់ ហើយបានដឹកជញ្ជូនទំនិញជាង ៤៨ លានតោន ក្នុងនោះមានទំនិញឆ្លងកាត់ព្រំដែនជាង ១០,៦ លានតោន។ ទំនិញដែលដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវរថភ្លើងចិន-ឡាវត្រូវបានពង្រីកដល់ជាង ៣០០០ ប្រភេទ ចំណែកឯបណ្តាញដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានគ្របដណ្តប់ខេត្ត (តំបន់ស្វយ័ត និងក្រុង)ចំនួន ៣១ នៃក្នុងប្រទេសចិន ព្រមទាំងប្រទេស និងតំបន់ចំនួន ១៩ រួមទាំងប្រទេសឡាវ ថៃ វៀតណាម និងសឹង្ហបុរីជាដើម ហើយប្រភពអ្នកដំណើរបានកើនឡើងដល់ ១០៨ ប្រទេស និងតំបន់។


៤. ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ពួតដៃគ្នាដើម្បីជំរុញការកសាង "ឡានឆាង-មេគង្គប្រកបដោយសុវត្ថិភាព"

កាលពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍អំពីការគ្រប់គ្រងឧក្រិដ្ឋកម្មក្នុងតំបន់ទន្លេឡានឆាង-មេគង្គ និងពិធីសម្ពោធបើក "ប្រតិបត្តិការរំពេ" បានប្រារព្ធនៅទីក្រុងគុនមីងនៃខេត្តយូណាន។ តំណាងជាង ៥០ នាក់ដែលមកពីអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន ក្រសួងសន្តិសុខសាធារណៈ និងក្រសួងការពារជាតិនៃប្រទេសឡាវ ទីស្នាក់ការកណ្តាលនគរបាលមីយ៉ាន់ម៉ា អគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ ក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀននៃអង្គការសហប្រជាជាតិ និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំនេះ។


. ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននាំមកនូវឱកាសពាណិជ្ជកម្មថ្មី

នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ពន្លាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនត្រូវបានបង្កើតឡើងនៅក្នុងពិព័រណ៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍តាមតំបន់ព្រំដែន(ហុងហ៊ឺ)ចិន-វៀតណាម ឆ្នាំ ២០២៤។ នេះជាពន្លាពិព័រណ៍ដំបូងបង្អស់ដែលមានប្រធានបទអំពីពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ក្នុងពិព័រណ៍នេះ ដើម្បីដាក់តាំងពិព័រណ៍ និងដំណើរការអាជីវកម្មនិងផលិតផលដែលមានពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មឆ្លងព្រំដែន។ ផលិតផលជាច្រើនប្រភេទដូចជា ម្ហូបអាហារ គ្រឿងសម្អាង គ្រឿងតុបតែងខ្លួន ផលិតផលអេឡិចត្រូនិក ប្រដាប់ប្រើប្រាស់ក្នុងផ្ទះ និងប្រដាប់ក្មេងលេងជាដើម ត្រូវបានដាក់តាំងពិព័រណ៍ក្នុងពន្លាពិព័រណ៍នេះ។ ក្រៅពីក្រុមហ៊ុននៅក្នុងខេត្តយូណាន ក៏មានក្រុមហ៊ុនមកពីក្រុងអានខាងខេត្តសាន់ស៊ី ក្រុងឈីហ្វឹងតំបន់ស្វយ័តម៉ុងហ្គោលីក្នុង ក្រុងហូជីមិញ និងហាណូយប្រទេសវៀតណាមជាដើម បានចូលរួមការតាំងពិព័រណ៍នេះ។

 

. កិច្ចសហប្រតិបត្តិការកសិកម្មប្រកបដោយនិរន្តរភាពក្នុងតំបន់ត្រូវបានពន្លឿន

នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកសិកម្ម និងសម្ភារៈកសិកម្ម ឡានឆាង-មេគង្គ ឆ្នាំ ២០២៤ បានប្រារព្ធឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ក្រោមប្រធានបទ "ជំរុញការអភិវឌ្ឍប្រកបដោយលក្ខណៈបៃតង និងនិរន្តរភាពនៃកសិកម្ម និងសម្ភារៈកសិកម្ម"។ អង្គវេទិកាបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីវឌ្ឍនភាពថ្មីលើវិស័យកសិកម្ម សម្ភារៈកសិកម្ម សេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងបច្ចេកទេសជាដើម រវាងប្រទេសចិន និងអាស៊ាន ពិសេសគឺបណ្តាប្រទេសនានាតាមបណ្តោយទន្លេមេគង្គ ពង្រឹងការតភ្ជាប់គ្នារវាងសហគ្រាស ផលិតផល និងបច្ចេកទេស ជំរុញការចែករំលែកធនធាន ការអភិវឌ្ឍទីផ្សារ និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្ម ព្រមទាំងជួយដល់ការអភិវឌ្ឍប្រកបដោយលក្ខណៈបៃតង និងនិរន្តរភាពនៃកមសិកម្មក្នុងតំបន់។


. កុមារជាង ៨ ម៉ឺននាក់ទទួលការពិនិត្យជំងឺបេះដូងតាំងពីកើត តាមរយៈគម្រោង "ដំណើរនៃក្តីស្រឡាញ់" ប្រទេសឡានឆាង-មេគង្គ

ក្នុងអំឡុងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៤ គម្រោង "ដំណើរនៃក្តីស្រឡាញ់" ប្រទេសឡានឆាង-មេគង្គ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវជាដើម ហើយបានរៀបចំក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនទៅកាន់ប្រទេសទាំង ៣ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការពិនិត្យសុខភាពរបស់កុមារចំនួន ៨៥៤០៣ នាក់ ហើយបានរៀបចំឱ្យកុមារមានជំងឺបេះដូងតាំងពីកើតចំនួន ១២៨ នាក់ទៅទទួលការព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន ក្នុងនោះមានកុមារកម្ពុជាចំនួន ៩១ នាក់ កុមារមីយ៉ាន់ម៉ា ២៥ នាក់ និងកុមារឡាវ ១២ នាក់។ ភាគីចិនក៏បានបណ្តុះបណ្តាលបុគ្គលិកពេទ្យចំនួន ១២ នាក់ដែលមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាជាដើម។


. ប្រទេសទាំង ៦ រួមគ្នាទប់ទល់នឹងគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត

នៅខែកញ្ញា ឆ្នាំ ២០២៤ ដោយបានរងផលប៉ះពាល់ពីព្យុះទីហ្វុង Capricorn តំបន់ផ្នែកខាងក្រោមនៃទន្លេឡានឆាង និងតំបន់ទន្លេមេគង្គមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានបណ្តាលឱ្យមានសម្ពាធយ៉ាងធំសម្បើមក្នុងការគ្រប់គ្រងទឹកជំនន់តាមដងទន្លេមេគង្គ។ ភាគីចិនបានជំរុញឱ្យទន្លេឡានឆាងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលលំហូរទឹក ដោយបានសម្រួលកម្លាំងផលិតអគ្គិសនីនៅស្ថានីយវារីអគ្គិសនីជីងហុងតាមទន្លេឡានឆាង និងកាត់បន្ថយនូវលំហូរទឹកចេញពីអាងស្តុកទឹក ដើម្បីកាត់បន្ថយសម្ពាធលើការគ្រប់គ្រងទឹកជំនន់តាមដងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព។


. "រង្វង់មិត្តភក្តិលើកលែងទិដ្ឋាការ" ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន

នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតារវាងប្រទេសចិន និងថៃ បានចូលជាធរមាន។ ក្នុងអំឡុងពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមភ្ញៀវទេសចរចិនដែលចូលទៅទស្សនាប្រទេសឡាវក្នុងរយៈពេលមិនលើសពី ១៥ ថ្ងៃ តាមរយៈទីភ្នាក់ងារទេសចរណ៍ចំនួន ៤២ ដែលចុះបញ្ជីនៅក្រសួងព័ត៌មាន និងវប្បធម៌ឡាវ អាចចូលប្រទេសឡាវបានដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ។ កាលពីខែវិច្ឆិកា ឯកឧត្តម លី ឈាំង នាយករដ្ឋមន្ត្រីចិន បានប្រកាសថា ភាគីចិនបានសម្រេចចិត្តចេញ "ទិដ្ឋាការ ឡានឆាង-មេគង្គ" ដល់ប្រទេសទន្លេមេគង្គទាំង ៥ ហើយនឹងផ្តល់ទិដ្ឋាការចិនដែលអាចចេញចូលជាច្រើនដងក្នុងឆ្នាំរយៈពេល ៥ ឆ្នាំដល់ធុរជនដែលសម្របនឹងលក្ខខណ្ឌ។


១០. ផ្កាយរណប"ហ្វូងតានលេខ ១(ផ្កាយអនាគតកាល ឡានឆាង-មេគង្គ)" ត្រូវបានបង្ហោះដោយជោគជ័យ

នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ផ្កាយរណប"ហ្វូងតានលេខ ១(ផ្កាយអនាគតកាល ឡានឆាង-មេគង្គ)" ត្រូវបានដឹកដោយរ៉ុក្កែតសញ្ញា "ជាឡុងលេខ ៣" និងបង្ហោះដោយជោគជ័យទៅកាន់លំហរអវកាស នៅឯកំពង់ផែអវកាសទិសបូព៌ាក្នុងក្រុងហៃយ៉ាងនៃខេត្តសានតុង ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់។ ផ្កាយរណបនេះនឹងអនុវត្តការស្រាវជ្រាវវិទ្យាសាស្ត្រឆ្លងប្រទេសអំពីទិន្នន័យបរិយាកាសព្រះអាទិត្យ និងទិន្នន័យបរិយាកាសក្នុងតំបន់ទន្លេឡានឆាង-មេគង្គ និងបានផ្តល់នូវវេទិកាដ៏សំខាន់សម្រាប់ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងការអង្កេតអវកាស និងការប្រើប្រាស់បច្ចេកវិទ្យា។