ថ្ងៃទី៦ខែមករា អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលឥណ្ឌូណេស៊ីក្លាយជារដ្ឋសមាជិកផ្លូវការនៃប្រទេស BRICS។
មានអ្នកសារព័ត៌មានបានសួរថា ប្រទេសប្រេស៊ីលដែលជាប្រធានប្រចាំឆ្នាំ ២០២៥ នៃប្រទេស BRICS បានចេញផ្សាយសេចក្តីជូនដំណឹងថា ឥណ្ឌូណេស៊ីបានក្លាយជារដ្ឋសមាជិកផ្លូវការនៃប្រទេស BRICS ដែលញ៉ាំងឱ្យសហគមន៍អន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។ តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?
អ្នកនាំពាក្យថ្លែងថា ភាគីចិនសូមសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឥណ្ឌូណេស៊ីដែលបានក្លាយជារដ្ឋសមាជិកផ្លូវការនៃប្រទេស BRICS។ ការដែលឥណ្ឌូណេស៊ីចូលជាសមាជិកផ្លូវការនៃប្រទេស BRICS គឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេស BRICS និងប្រទេស "សកលខាងត្បូង" ជឿជាក់ថារឿងនេះនឹងរួមចំណែកជាវិជ្ជមានចំពោះការអភិវឌ្ឍយន្តការអភិវឌ្ឍន៍នៃប្រទេស BRICS។
អ្នកនាំពាក្យបន្តថា ប្រទេស BRICS គឺជាវេទិកាសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពរបស់ប្រទេស"សកលខាងត្បូង" ការដែលមហាគ្រួសារ BRICS សាទរទទួលសមាជិកថ្មីគឺសមស្របនឹងនិន្នាការប្រវត្តិសាស្រ្តដែល"សកលខាងត្បូង" ងើបឡើងជាសមូហភាព។
អ្នកនាំពាក្យបន្តទៀតថា ភាគីចិនមានឆន្ទៈធ្វើការជាមួយសមាជិកនៃ BRICS ទាំងអស់ ដើម្បីពួតដៃគ្នាកសាងទំនាក់ទំនងភាពជាដៃគូដែលកាន់តែគ្រប់ជ្រុងជ្រោយ ជិតស្និទ្ធ ប្រាកដប្រជានិងបរិយាបន្ន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការនៃប្រទេស BRICS ធំសំដៅរួមចំណែកាន់តែធំសម្រាប់ជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕