តំបន់អាស៊ីប៉ាស៊ីហ្វិកមិនត្រូវការក្រុមយោធានិងការប្រឈមដាក់គ្នាជាក្រុមនោះទេ

CRI, January 3, 2025
Size:

   ពេលថ្មីៗនេះ  ព្រឹទ្ធសភាហ្វីលីពីនបានអនុម័តលើអ្វីដែលហៅថា កិច្ចព្រមព្រៀងស្តីពីការផ្ដល់ភាពងាយស្រួលដល់ការអនុញ្ញាតឱ្យចូលទៅវិញទៅមក(RAA)ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលហ្វីលីពីននិងជប៉ុន។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ភាពងាយស្រួលដល់ការចូលដែននៃគ្រឿងបរិក្ខារនិងបុគ្គលិកយោធាសម្រាប់ការហ្វឹកហ្វឺនប្រយុទ្ធនិងឆ្លើយតបនឹងគ្រោះមហន្តរាយ ហើយអនុញ្ញាតឱ្យហ្វីលីពីននិងជប៉ុនដាក់ពង្រាយបុគ្គលិកយោធានៅលើទឹកដីរបស់គូភាគីទៅវិញទៅមក ដោយហេតុនេះអាចធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ  ប្រទេសទាំងពីរជប៉ុននិងហ្វីលីពីនក៏នឹងធ្វើការហ្វឹកហាត់រួមគ្នាតាមដែនសមុទ្រជាមួយប្រទេសក្នុងនិងក្រៅតំបន់ផងដែរ។

      ទីភ្នាក់ងារសារព័ត៌មានReutersបានលើកឡើងថា  វាច្បាស់ណាស់ថាកិច្ចព្រមព្រៀងស្តីពីការផ្ដល់ភាពងាយស្រួលដល់ការអនុញ្ញាតឱ្យចូលទៅវិញទៅមកគឺសំដៅទៅលើប្រទេសចិន។ ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតទាំងពីររបស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកហ្វីលីពីននិងជប៉ុនសុទ្ធតែធ្លាប់អះអាងថា "មានការព្រួយបារម្ភចំពោះសកម្មភាពរបស់ប្រទេសចិនក្នុងសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង"។

       ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  អាមេរិកបានអូសទាញប្រទេសជប៉ុនឱ្យបង្កើត"ក្រុមសម្ព័ន្ធតូច"ដ៏បិទខ្ទប់និងរើសអើងមួយចំនួនដែលមានលក្ខណៈពិសេសនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាយ៉ាងច្បាស់លាស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើមូលដ្ឋាននៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន  ដើម្បីប៉ុនប៉ងទប់ស្កាត់និងគាបសង្កត់លើប្រទេសចិន ដែលបាននាំមកនូវកត្តាអស្ថិរភាពដល់តំបន់អាស៊ីប៉ាស៊ីហ្វិក។  បើសិនជានៅអាស៊ីឦសាន មានក្រុមយោធាអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងជាសំខាន់  រីកឯនៅអាស៊ីអាគ្នេយ៍គឺមានក្រុមយោធាអាមេរិកជប៉ុននិងហ្វីលីពីនជាចម្បង។ បើនិយាយចំពោះអាមេរិក  “ក្រុមសម្ព័ន្ធតូច”ទាំងពីរនេះមានឋានៈនិងសារសំខាន់ដូចគ្នា  ប៉ុន្តែ ដោយសារតែស្ថានភាពនយោបាយរបស់កូរ៉េខាងត្បូងមានភាពច្របូកច្របល់នាពេលបច្ចុប្បន្ន បានជាបណ្តាលឱ្យប្រទេសជប៉ុន រហូតដល់អាមេរិកសុទ្ធតែរង្គោះរង្គើជំនឿចិត្តថាតើ“ក្រុមសម្ព័ន្ធតូច”រវាងអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងអាចបន្តដំណើរការនៅពេលអនាគតឬអត់។ ក្នុងបរិបទបែបនេះ សម្រាប់ប្រទេសជប៉ុននិងអាមេរិក  សារសំខាន់នៃ"ក្រុមសម្ព័ន្ធតូច"រវាងអាមេរិក ជប៉ុននិងហ្វីលីពីនត្រូវបានលើកកម្ពស់។

     ប៉ុន្តែ  តើហ្វីលីពីនអាចទទួលបានផលប្រយោជន៍ពីក្នុងនេះដែរឬទេ  ហើយតើរឿងនេះនឹងនាំមកនូវផលប៉ះពាល់អ្វីខ្លះដល់ស្ថានភាពក្នុងតំបន់អ្នកវិភាគមួយចំនួនបានលើកឡើងថា ហ្វីលីពីនពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអាមេរិកនិងសម្ព័ន្ធមិត្តរបស់វា   អាចនិយាយបានថា ជាការនាំចចកឱ្យចូលក្នុងផ្ទះ។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២  ប្រទេសជប៉ុនធ្លាប់បានឈ្លានពាននិងត្រួតត្រាអាណានិគមលើប្រទេសអាស៊ីអាគ្នេយ៍ ដែលបូករួមទាំងហ្វីលីពីនផងដែរ។ ការដាក់ពង្រាយកម្លាំងយោធារបស់អាមេរិកនិងសម្ព័ន្ធមិត្តនៅប្រទេសហ្វីលីពីននឹងប៉ះពាល់ដល់អធិបតេយ្យភាពរបស់ហ្វីលីពីនហើយវាក៏នឹងគ្រប់គ្រងហ្វីលីពីនក្នុងវិស័យការទូតនិងវិស័យយោធាផងដែរ  ដែលធ្វើឱ្យសមត្ថភាពធ្វើសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រដោយម្ចាស់ការរបស់ហ្វីលីពីននឹងត្រូវកាត់បន្ថយយ៉ាងខ្លាំង។  ក្រៅពីនេះ  ប្រសិនបើស្ថានការណ៍ក្នុងស្រុករបស់ហ្វីលីពីនមានការប្រែប្រួល នោះការចង់ឱ្យកម្លាំងយោធាខាងក្រៅទាំងនេះចាកចេញពីហ្វីលីពីន ក៏អាចប្រឈមមុខនឹងបញ្ហាស្មុគស្មាញមួយចំនួនផងដែរ។

      សំដៅចំពោះការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងការពារជាតិរវាងជប៉ុននិងហ្វីលីពីន  លោក Lin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនធ្លាប់បានថ្លែងថាការធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសមិនគួរធ្វើឱ្យប៉ះពាល់ដល់ការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសក្នុងតំបន់  មិនគួរធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងមិនគួរសំដៅទៅលើភាគីទីបីឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីនោះឡើយ។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនត្រូវការក្រុមយោធាទេ ហើយក៏កាន់តែមិនត្រូវការ"ក្រុមសម្ព័ន្ធតូច"ដែលញុះញង់ឱ្យមានការប្រឈមដាក់គ្នាជាក្រុមនិងសង្គ្រាមត្រជាក់ថ្មីនោះដែរ។ រាល់ទង្វើដែលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងបំផ្លាញដល់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់  សុទ្ធតែនឹងធ្វើឱ្យមានការប្រឆាំងរួមគ្នាពីប្រជាជនក្នុងតំបន់៕