ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៥តទៅ គណៈកម្មាធិការពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននឹងកែសម្រួលអត្រាពន្ធគយ និងវិសាលភាពនៃការបង់ពន្ធលើមុខទំនិញនាំចូលមួយចំនួន។
នៅឆ្នាំ២០២៥ខាងមុខ ប្រទេសចិននឹងអនុវត្តអត្រាពន្ធនាំចូលជាបណ្តោះអាសន្នដែលទាបជាងអត្រាពន្ធនៃប្រទេសអនុគ្រោះលើទំនិញចំនួន៩៣៥ ដើម្បីបង្កើនឥទ្ធិពលនៃការតភ្ជាប់ប្រភពធនធាននិងទីផ្សារក្នុងជាតិនិងអន្តរជាតិ ។
ដើម្បីពង្រីកបណ្តាញតំបន់ពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់ចំពោះពិភពលោក នៅឆ្នាំ២០២៥ខាងមុខ ប្រទេសចិននឹងអនុវត្តអត្រាពន្ធតាមកិច្ចព្រមព្រៀងចំពោះទំនិញនាំចូលមួយចំនួនដែលផលិតនៅប្រទេសឬតំបន់ចំនួន៣៤ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគម្រោងការរៀបចំពាណិជ្ជកម្មអនុគ្រោះចំនួន២៤។
ដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួចទទួលបានការអភិវឌ្ឍ និងសម្រេចបានការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ នៅឆ្នាំ២០២៥ខាងមុខ ប្រទេសចិននឹងបន្តផ្តល់ការអនុគ្រោះពន្ធសូន្យដដែលលើទំនិញនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៣ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ព្រមពេលជាមួយគ្នានេះដែរ ប្រទេសចិននឹងបន្តអនុវត្តអត្រាពន្ធអនុគ្រោះលើទំនិញនាំចូលមួយចំនួនដែលផលិតនៅប្រទេសបង់ក្លាដែស ឡាវ កម្ពុជានិងមីយ៉ាន់ម៉ា៕