តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមឱ្យដឹងថា លោក Phạm Minh Chính នាយករដ្ឋមន្រ្តីវៀតណាមបានថ្លែងក្នុងខណៈពេលចុះត្រួតពិនិត្យការងារនៃគម្រោងផ្លូវដែក Lào Cai- Hà Nội -Hải Phòng នៅខេត្ត Lào Cai ប្រទេសវៀតណាមកាលពីថ្ងៃទី២២ខែធ្នូថា គម្រោងផ្លូវដែកនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០៣០។
លោក Phạm Minh Chính បានគូសបញ្ជាក់ថា ការរចនាពីល្បឿនរថភ្លើងនិងគម្លាតគន្លងផ្លូវដែកត្រូវធានាថាអាចតភ្ជាប់ដោយរលូនជាមួយផ្លូវដែកចិន ដូច្នេះអំឡុងពេលរចនានិងសាងសង់ត្រូវរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន។
តាមការផ្សាយដំណឹងបានឱ្យដឹងថា គម្រោងផ្លូវដែកនេះគ្រោងវិនិយោគសរុប១១៦០០លានដុល្លារអាមេរិក មានប្រវែងសរុបជិត៤០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៧និងទីក្រុងចំនួន២របស់ប្រទេសវៀតណាម៕