ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ រួមគ្នាពិភាក្សាអំពីវិធានការសម្រាប់ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការការពារគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត

lmcchina.org, December 16, 2024
Size:

កាលពីថ្ងៃទី ១០ ដល់ទី ១២ ខែធ្នូ កម្មវិធី "ដំណើរទស្សនកិច្ច ឡានឆាង-មេគង្គ"ឆ្នាំ ២០២៤ បានប្រារព្ធឡើងនៅខេត្តយូណានប្រទេសចិន។

មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ បានអញ្ជើញមន្ត្រីការទូតនៃស្ថានទូត និងស្ថានកុងស៊ុលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមប្រចាំប្រទេសចិន ព្រមទាំងតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៥០ នាក់ ទៅធ្វើទស្សនកិច្ចនៅទីក្រុងភូអឺ និងមណ្ឌីស្វយ័តស៊ីសាំងប៉ានណានៃខេត្តយូណាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីអាងស្តុកទឹកធួនសាន និងអាងស្តុកទឹកសៀនហ្វាង ស្វែងយល់អំពីការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការការពារអេកូឡូស៊ីជាដើម ព្រមទាំងស្ថានភាពនៃវារីអគ្គិសនី ណួចាទូ និងជីងហុង ដែលស្ថិតនៅតាមទន្លេឡានឆាង។

តំណាងដែលមកពីភាគីនានាបានផ្លាស់ប្តូរយោបល់អំពីរបៀបនៃការរួមគ្នាដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្រោមយន្តការនៃកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ ហើយបានរួមគ្នាពិភាក្សាអំពីគំនិតទស្សនៈ និងវិធីសាស្រ្តថ្មីៗសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ។ ភាគីនានាបានឯកភាពគ្នាថា គួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទាំងមូលតាមបណ្តោយទន្លេ លើកកម្ពស់កម្រិតថ្នាក់នៃការពិនិត្យតាមដាន កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើបឱ្យបានកាន់តែល្អប្រសើរ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុនៃតំបន់ទន្លេឡានឆាង-មេគង្គ។ តំណាងនៃប្រទេសទាំង ៦ បានបញ្ជាក់ថា ពួកគេនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមមតិឯកភាពដែលសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ព្រមទាំងគោលដៅទាក់ទងនឹងធនធានទឹកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ដោយសហការគ្នាក្នុងការជំរុញការច្នៃប្រឌិតអំពីការគ្រប់គ្រងធនធានទឹក បង្កើនការសម្របសម្រួលគោលនយោបាយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានទឹក ការប្រើប្រាស់ព័ត៌មានជលសាស្ត្រ ការការពារនិងកាត់បន្ថយគ្រោះមហន្តរាយ ការថែរក្សាសុវត្ថិភាពទឹកផឹក ការថែរក្សាសុវត្ថិភាពទំនប់ទឹក ការកសាងសមត្ថភាព ការបណ្តុះបណ្តាលបុគ្គលិក និងការគ្រប់គ្រងតំបន់ទាំងមូលតាមបណ្តោយទន្លេជាដើម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គឱ្យឈានដល់កម្រិតថ្មីមួយទៀត។