ពេលថ្មីៗនេះ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីការកសាងច្រករបៀងនវានុវត្តន៍តំបន់ឡានឆាង-មេគង្គលើកទី ១ បានប្រារព្ធឡើងនៅទីក្រុងគុនមីង ខេត្តយូណាន។ ឯកឧត្តម តៃ កាង អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំនេះ។ តំណាងមកពីប្រទេសនានា រួមមានអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍កម្ពុជា ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយ និងផ្ទេរបច្ចេកទេសនៃក្រសួងបច្ចេកវិទ្យា និងទូរគមនាយគមន៍ឡាវ អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមីយ៉ាន់ម៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិនៃក្រសួងអប់រំថ្នាក់ឧត្តមសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍ថៃ និងអនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
ឯកឧត្តម តៃ កាង បានបញ្ជាក់ថា "គំនិតផ្តួចផ្តើមរួមស្តីពីការកសាងច្រករបៀងនវានុវត្តន៍តំបន់ឡានឆាង-មេគង្គ" ដែលត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ លើកទី ៤ នាខែធ្នូ ឆ្នាំ ២០២៣ នោះ បានកសាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍជំហានក្រោយនៃកិច្ចសហប្រតិបត្តិការនវានុវត្តន៍ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីការកសាងច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ គឺជាកិច្ចប្រជុំដែលរៀបចំឡើងតាមមតិឯកភាពរវាងថ្នាក់ដឹកនាំនៃប្រទេសនានា និងជាយន្តការថ្មីមួយដែលត្រូវបានបង្កើតឡើងដោយស្ថាប័ននវានុវត្តន៍ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ហើយនឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនវានុវត្តន៍លើវិស័យផ្លាស់ប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌ កាត់បន្ថយភាពក្រីក្រតាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតឧស្សាហកម្ម សុខភាពនិងអនាម័យ ព័ត៌មានឌីជីថល បច្ចេកទេសបៃតង ការច្នៃប្រឌិតនិងសហគ្រិនភាពជាដើម រួមគ្នាកសាងច្រករបៀងនវានវុត្តន៍ក្នុងតំបន់ និងបម្រើដល់ការកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសទន្លេឡានឆាង-មេគង្គ។
អង្គប្រជុំបានអនុម័តលក្ខន្តិកៈនៃយន្តការកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីការកសាងច្រករបៀងនវានវុត្តន៍តំបន់ឡានឆាង-មេគង្គ។ តំណាងមកពីបណ្តាប្រទេសទន្លេឡានឆាង-មេគង្គបានវាយតម្លៃខ្ពស់ចំពោះយន្តការដ៏សំខាន់នេះ ហើយបានលើកមតិដ៏មានតម្លៃសម្រាប់ជំរុញឱ្យនវានុវត្តកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ទន្លេឡានឆាង-មេគង្គ និងរួមគ្នាកសាងច្រករបៀងនវានុវត្តន៍ឡានឆាង-មេគង្គ ដោយផ្តោតសំខាន់ទៅលើប្រធានបទមួយចំនួនដូចជា ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហការខាងគោលនយោបាយអំពីនវានុវត្តកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងផ្នែកធនធានមនុស្សបែបនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអំពីការផ្ទេរបច្ចេកវិទ្យា ការច្នៃប្រឌិតនិងសហគ្រិនភាពជាដើម។