វេទិកាអ្នកវិទ្យាសាស្ត្រ ធឹងឆុង ឆ្នាំ ២០២៤ ចាក់បញ្ចូលកម្លាំងរស់រវើកថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ឡានឆាង-មេគង្គ

lmcchina.org, December 9, 2024
Size:

កាលពីថ្ងៃទី ៥ ដល់ទី ៧ ខែធ្នូ វេទិកាអ្នកវិទ្យាសាស្ត្រ ធឹងឆុង ឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍ផ្លាស់ប្តូរបច្ចេកវិទ្យា និងវប្បធម៌ដ៏សំខាន់នៅក្នុងតំបន់ឡានឆាង-មេគង្គ បានប្រារព្ធឡើងនៅទីក្រុងគុនមីង និងធឹងឆុង។ អ្នកជំនាញ និងស្រាវជ្រាវមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាដើម បានធ្វើការពិភាក្សាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ រួមមានអភិវឌ្ឍដោយបៃតង ឱសថបុរាណ និងបច្ចេកទេសវិស្វកម្មជាដើម។

ព្រឹត្តិការណ៍នេះមានផ្នែកស្នូលចំនួន ៣ រួមមាន៖ សន្និសីទផ្លាស់ប្តូរការស្រាវជ្រាវវេជ្ជសាស្ត្របុរាណឡានឆាង-មេគង្គ វេទិកាតុមូលសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងតំបន់ឡានឆាង-មេគង្គ និងវេទិកាវិស្វករឡានឆាង-មេគង្គ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើវិស័យផ្សេងៗរវាងបណ្តាប្រទេសនានាក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។

ក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្លាស់ប្តូរបច្ចេកវិទ្យា និងវប្បធម៌ក្នុងតំបន់ឡានឆាង-មេគង្គ សមិទ្ធផលសំខាន់ៗមួយចំនួនធំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានប្រកាសជាសាធារណៈ។ ភាគីពាក់ព័ន្ធបានរួមគ្នាប្រកាសគំនិតផ្តួចផ្តើមអំពីការបង្កើតស្តង់ដារអន្តរជាតិនៃឱសថបុរាណ ឡានឆាង-មេគង្គ រៀបចំពិព័រណ៍សមិទ្ធផលនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱសថបុរាណឆ្នាំ ២០២៤ ប្រកាសគំនិតផ្តួចផ្តើមអំពីការបង្កើតបណ្តាញសហប្រតិបត្តិការអ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងតំបន់ទន្លេឡានឆាង-មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍ ហើយសម្ព័ន្ធវិស្វករចិន និងក្រុមប្រឹក្សាវិស្វកម្មមីយ៉ាន់ម៉ាបានទទួលស្គាល់គ្នាទៅវិញទៅមកនូវក្រុមវិស្វករថ្មី។

ចាប់តាំងពីវេទិកាលើកដំបូងត្រូវបានរៀបចំនៅក្នុងឆ្នាំ ២០២២ មក អ្នកវិទ្យាសាស្ត្រ អ្នកជំនាញជាន់ខ្ពស់ និងមន្ត្រីរដ្ឋាភិបាលមកពីប្រទេសចំនួនជាង ២០ រួមមានសហរដ្ឋអាមេរិក បារាំង អង់គ្លេស ប្រេស៊ីល និងម៉ិកស៊ិកជាដើម បានទទួលការអញ្ជើញឱ្យចូលរួមក្នុងវេទិកានេះ ដោយបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវយន្តការស្តីពីកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ និងជំរុញឱ្យមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ ក្នុងការស្រាវជ្រាវបច្ចេកវិទ្យាគន្លឹះ ការផ្ទេរនិងការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើម។