កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា រថភ្លើងដឹកជញ្ជូនទំនិញបែបចម្រុះពីទីក្រុងគុនមីង ប្រទេសចិន ទៅកាន់ទីក្រុងរ៉ាណុង ប្រទេសថៃ ដែលផ្ទុកទំនិញដ៏ច្រើន បានចាកចេញពីកំពង់ផែអាននីងខាងជើងដែលកំពង់ផែស្ងួតអន្តរជាតិក្នុងទីក្រុងគុនមីង ប្រទេសចិន។ នេះជានិមិត្តសញ្ញានៃការពង្រីកបន្ថែមទៀតនូវបណ្តាញឡូជីស្ទីកអន្តរជាតិរវាងប្រទេសចិន និងថៃ ហើយនឹងចាក់បញ្ចូលនូវកម្លាំងចលករថ្មីទៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន និងអាស៊ាន។
កាលពីមុន ការដឹកជញ្ជូនទំនិញរវាងប្រទេសចិន និងថៃ ជាធម្មតាគឺពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ ឬតាមផ្លូវថ្នល់ ដែលអាចចំណាយពេលយ៉ាងយូរ ឬមានតម្លៃថ្លៃ។ រថភ្លើងដែលពឹងផ្អែកលើផ្លូវរថភ្លើងចិន-ឡាវ និងផ្លូវដែកថៃ ព្រមទាំងការដឹកជញ្ជូនតាមផ្លូវថ្នល់ នឹងអាចផ្តល់នូវជម្រើសដ៏ប្រសើរមួយទៀតសម្រាប់ក្រុមហ៊ុនចិន និងថៃ ដែលអាចជួយកាត់បន្ថយនូវពេលវេលាដឹកជញ្ជូន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដើមទុន។
រថភ្លើងដឹកជញ្ជូនទំនិញបែបចម្រុះពីទីក្រុងគុនមីង ប្រទេសចិន ទៅក្រុងរ៉ាណុង ប្រទេសថៃ ចេញដំណើរពីកំពង់ផែអានីងខាងជើងដែលជាកំពង់ផែស្ងួតអន្តរជាតិក្នុងទីក្រុងគុនមីង ប្រទេសចិន ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវដោយផ្ទាល់ តាមរយៈផ្លូវរថភ្លើងចិន-ឡាវ បន្ទាប់មកគឺដឹកជញ្ជូនទំនិញទៅកាន់រាជធានីបាងកក ទីក្រុងឆ្នេរសមុទ្រភាគនិរតី រ៉ាណុង និងខេត្តក្រុងផ្សេងៗទៀតនៃប្រទេសថៃ តាមរយៈផ្លូវរថភ្លើង និងផ្លូវថ្នល់ ដែលអាចសម្រេចបាននូវការតភ្ជាប់គ្នារវាងទីក្រុងកំពង់ផែស្ងួតរបស់ប្រទេសចិន និងទីក្រុងកំពង់ផែសមុទ្ររបស់ប្រទេសថៃ។ តាមរយៈផ្លូវដឹកជញ្ជូនថ្មីនេះ ក្រុមហ៊ុនចិនអាចលក់ផលិតផលទៅកាន់ទីផ្សារអាស៊ានដោយកាន់តែមានភាពងាយស្រួល ហើយផលិតផលអាស៊ានដែលមានគុណភាពខ្ពស់ក៏អាចចូលទៅក្នុងទីផ្សារចិនឱ្យបានលឿនជាងមុន ដោយសម្រេចបាននូវការបែងចែកធនធានដ៏ល្អប្រសើរ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការឈ្នះ-ឈ្នះនៅក្នុងទីផ្សារ។