នៅថ្ងៃទី ៧ ខែវិច្ឆិកា ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ៨ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គនៅទីក្រុងគុនមីង។ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ អង្គប្រជុំបានអនុម័តឯកសារសំខាន់ៗជាច្រើនដូចជា "សេចក្តីប្រកាសនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ៨ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ" និង"យុទ្ធសាស្ត្រអភិវឌ្ឍន៍បែបនវានុវត្តន៍ឆ្នាំ ២០៣០ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ"។
ឯកឧត្តម លី ឈាង បានលើកឡើងពីសំណើចំនួន ៤ សម្រាប់ការពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមមាន៖ ទី១ ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈបើកចំហ រួមគ្នាលើកកម្ពស់ការបើកចំហទ្វេទិសដែលកាន់តែមានកម្រិតខ្ពស់ និងទ្រង់ទ្រាយធំ កែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ដែលមានលក្ខណៈបើកចំហ និងបង្កើតទីផ្សារដ៏ធំទូលាយដែលប្រកបដោយប្រសិទ្ធភាព និងកម្លាំងរស់រវើក។ ទី២ ផ្តោសំខាន់លើការដឹកនាំដោយការច្នៃប្រឌិត ពង្រឹងការតភ្ជាប់ និងការសម្របសម្រួលនៃគោលនយោបាយនវានុវត្តន៍ ជំរុញលំហូរប្រកបដោយប្រសិទ្ធភាពនៃធាតុផ្សំអំពីការច្នៃប្រឌិតថ្មី ពន្លឿនការផ្លាស់ប្តូរ និងប្រើប្រាស់លទ្ធផលនៃការច្នៃប្រឌិតថ្មី គាំទ្រ និងធានាឱ្យកិច្ចសហប្រតិបត្តិការនវានុវត្តន៍ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ទី៣ ពង្រឹងការកសាងសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ លើកកម្ពស់បន្ថែមទៀតនូវ"ការតភ្ជាប់រឹង"ខាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែជាដើម និង"ការតភ្ជាប់ទន់"លើវិស័យគោលនយោបាយ ច្បាប់ ការត្រួតពិនិត្យ ការកំណត់ ស្តង់ដារ និងវិស័យផ្សេងៗទៀត ខិតខំផ្តល់ភាពងាយស្រួលដល់ការទូទាត់ឆ្លងព្រំដែន និងតាមរយៈរូបិយវត្ថុរបស់ប្រទេសខ្លួន ខិតខំយ៉ាងសកម្មដើម្បីបង្កើតតំបន់គំរូនៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនឱ្យកាន់តែច្រើន និងពន្លឿនដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ទី៤ បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ អនុវត្តទៅតាមពហុភាគីនិយមពិតប្រាកដ ជំរុញការអភិវឌ្ឍប្រកបដោយការសម្របសម្រួលរវាងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គជាមួយកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ យន្តការតំបន់ទន្លេបី និងយន្តការនៃគណៈកម្មការទន្លេមេគង្គជាដើម ព្រមទាំងកសាងបរិយាកាសនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលប្រកបដោយបរិយាបន្ន និងការជំរុញគ្នាទៅវិញទៅមក។
អ្នកដឹកនាំនៃប្រទេសពាក់ព័ន្ធ និងអ្នកទទួលខុសត្រូវនៃស្ថាប័នពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះ បានឯកភាពគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ការតភ្ជាប់គ្នា សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍ដោយបៃតង សុខាភិបាលនិងអនាម័យ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ល។
ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ក៏បានប្រកាសថា ប្រទេសចិនបានសម្រេចចិត្តផ្តល់ "ទិដ្ឋាការឡានឆាង-មេគង្គ"(Lanmei) ដល់ប្រទេសទន្លេមេគង្គទាំង ៥ ហើយនឹងផ្តល់ដល់ធុរជនដែលស្របលក្ខខណ្ឌនូវទិដ្ឋាការចិនដែលអាចចេញចូលច្រើនដងរយៈពេល ៥ ឆ្នាំ។