កាលពីថ្ងៃទី ២៩ ខែតុលា វេទិកាស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋាន ឡានឆាង-មេគង្គ និងកិច្ចសន្ទនាទីក្រុងល្បីខាងប្រវត្តិសាស្ត្រ និងវប្បធម៌ឆ្នាំ ២០២៤ បានប្រារព្ធឡើងនៅទីក្រុងហាងចូវ។ ថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានដែលមកពីទីក្រុងចំនួនជាង ១០ នៃប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងប្រទេសដទៃទៀត ព្រមទាំងតំណាងមកពីខេត្តក្រុងជាច្រើននៃប្រទេសចិន បានប្រមូលផ្តុំគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់មូលដ្ឋាននៅក្នុងបណ្តាប្រទេសនានាតាមទន្លេឡានឆាង-មេគង្គ។
វេទិកាស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋាន ឡានឆាង-មេគង្គ និងកិច្ចសន្ទនាទីក្រុងល្បីខាងប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលផ្តួចផ្តើមដោយសមាគមមិត្តភាពជាមួយបរទេសប្រជាជនចិននេះ មានគោលបំណងបញ្ចេញឧត្តមភាពតំបន់មូលដ្ឋាន បណ្តុះថាមពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ពង្រឹងមូលដ្ឋានគ្រឹះនៃមតិប្រជាជន និងលើកកម្ពស់ការសិក្សាទៅវិញទៅមកអំពីអរិយធម៌ ហើយផ្តល់វេទិកាដ៏មានប្រយោជន៍ដល់ប្រទេសឡានឆាង-មេគង្គទាំង ៦ តាមរយៈការបង្កើនទំនាក់ទំនងសង្គមស៊ីវិល សម្រាប់ការបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រមូលផ្តុំនូវចំណុចឯកភាពគ្នា។
ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានមានប្រសាសន៍ថា "វប្បធម៌ និងសិល្បៈដើរតួនាទីយ៉ាងសំខាន់ក្នុងប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស និងមនុស្ស"។ ប្រទេសទន្លេឡានឆាង-មេគង្គគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ។ ឧទាហរណ៍ យើងត្រូវអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការកាន់តែច្រើនលើវិស័យអក្សរសាស្ត្រ សារមន្ទីរ តន្ត្រី ភាពយន្តនិងទូរទស្សន៍ ល្ខោន សិល្បៈចក្ខុវិញ្ញាណ ការការពារនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។ ឯកឧត្តមបន្តទៀតថា "នេះនឹងជួយប្រជាជនអាស៊ី ពិសេសគឺប្រជាជននៃប្រទេសឡានឆាង-មេគង្គ អាចយល់ដឹងកាន់តែច្បាស់ និងគយគន់វប្បធម៌ទៅវិញទៅមក បង្កើតវេទិកាផ្លាស់ប្តូរ និងសិក្សាសម្រាប់អរិយធម៌អាស៊ី និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងតំបន់ផ្សេងៗ"។