ពិព័រណ៍កិច្ចសហប្រតិបត្តិការបៃតង "ជំរុញពាណិជ្ជកម្មចិន" (ឡានឆាង-មេគង្គ) ប្រារព្ធឡើងនៅទីក្រុងបាងកក

lmcchina.org, October 28, 2024
Size:

នៅថ្ងៃទី ២៤ ខែតុលា ពិព័រណ៍កិច្ចសហប្រតិបត្តិការបៃតង "ជំរុញពាណិជ្ជកម្មចិន" (ឡានឆាង-មេគង្គ) ដែលរៀបចំដោយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន បានបើកពិព័រណ៍នៅទីក្រុងបាងកក។

ពិព័រណ៍នេះមានរយៈពេល ៤ ថ្ងៃ ដែលរៀបចំឡើងក្រោមប្រធានបទ "ពណ៌បៃតងជំរុញតំបន់ឡានឆាង-មេគង្គ រួមគ្នាកសាងអនាគត" ដើម្បីដាក់តាំងបង្ហាញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ឡានឆាង-មេគង្គ។ តំណាងមកពីប្រទេសចិន និងថៃបានរំលឹកឡើងវិញនូវសមិទ្ធផលដ៏អស្ចារ្យនៃគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ហើយបានបង្ហាញការរំពឹងទុកអំពីទស្សនវិស័យដ៏ទូលំទូលាយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ភាគីនានាបានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកដ៏សំខាន់នៃតំបន់ទន្លេឡានឆាង-មេគង្គ ប្រទេសចិន និងថៃនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នៃការរួមគ្នាពិគ្រោះពិភាក្សា ស្ថាបនា និងចែករំលែកគ្នា ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាបៃតង រួមគ្នាដឹកនាំបរិវត្តកម្មពណ៌បៃតងក្នុងតំបន់ និងរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព  ស្ថិរភាព និងជំរុញវិបុលភាពក្នុងតំបន់ឡានឆាង-មេគង្គ។

នៅក្នុងពិព័រណ៍នេះ ក្រុមហ៊ុនល្បីៗចំនួន ៣៤ ដែលមកពីប្រទេសចិន បានបង្ហាញនូវផលិតផល និងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន។ ក្នុងតំបន់តាំងពិព័រណ៍នៅមានតំបន់ដាក់តាំងបង្ហាញនូវសមិទ្ធផលពិសេសក្នុងតំបន់ឡានឆាង-មេគង្គ ដើម្បីបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងករណីគំរូចំនួន ២០ របស់ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ក្នុងវិស័យអភិវឌ្ឍន៍ដោយបៃតង ការការពារបរិស្ថាន និងការអភិវឌ្ឍថាមពលស្អាតជាដើម។