កាលពីថ្ងៃទី ១៩ ខែតុលា កម្មវិធីផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍"ហ៊ឺណានជួបជាមួយកម្ពុជាតាមរយៈកុងហ្វូពិតៗ" (Henan meets Cambodia in Authentic Kung Fu) បានប្រារព្ធឡើងនៅក្រុងតឹងហ្វឺង ក្រុងចឹងចូវ ខេត្តហ៊ឺណាន។ ក្នុងនាមជាសកម្មភាពមួយនៃទិវាក្បាច់គុនសាវលីនអន្តរជាតិក្រុងចឹងចូវលើកទី ១៣ កម្មវិធីនេះមានគោលបំណងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក កសាងវេទិកាសម្រាប់ការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ ចិន-កម្ពុជា និងប្រមូលផ្តុំនូវកម្លាំងរួមសាមគ្គីគ្នា។
នៅខែមេសា ឆ្នាំ ២០២៤ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ "When Shaolin Kungfu Meets Kun Lbokator in Angkor Wat " ត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ដែលបានជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យទេសចរណ៍ និងវប្បធម៌។ ក្នុងឱកាសនៃទិវាក្បាច់គុនសាវលីនអន្តរជាតិក្រុងចឹងចូវលើកទី ១៣ គណៈប្រតិភូវប្បធម៌ និងទេសចរណ៍ដែលមកពីប្រទេសកម្ពុជាបានទទួលការអញ្ជើញឱ្យមកចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ "ហ៊ឺណានជួបជាមួយកម្ពុជាតាមរយៈកុងហ្វូពិតៗ" និងធ្វើការផ្លាស់ប្តូរគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងប្រកបដោយបរិយាកាសកក់ក្ដៅ ក្បាច់គុនកុងហ្វូ សាវលីន ដ៏ស្វាហាប់ និងគុនល្បុក្កតោខ្មែរដ៏មានភាពរហ័សនិងរស់រវើកនោះ បានឆ្លុះបញ្ចាំងគ្នា និងទាក់ទាញក្រសែភ្នែករបស់ទស្សនិកជនគ្រប់រូប។ ទស្សនិកជនបានប្រមូលផ្តុំគ្នាដើម្បីទស្សនាកម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះ ដោយមានការទះដៃអបអរសាទរឥតឈប់ឈរ។
កម្មវិធីផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ "ហ៊ឺណានជួបជាមួយកម្ពុជាតាមរយៈកុងហ្វូពិតៗ" នេះ បានបើកទំព័រថ្មីសម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា។ ការផ្លាស់ប្តូរវប្បធម៌ត្រូវបានបង្ហាញយ៉ាងពេញលេញនៅទីនេះ ហើយបានក្លាយជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា។