នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ កម្មវិធីផ្សព្វផ្សាយ និងផ្លាស់ប្តូរអំពីសមិទ្ធផលនៃការធ្វើសមាហរណកម្មឧស្សាហកម្មនិងការអប់រំ ឡានឆាង-មេគង្គ បានប្រារព្ធនៅក្រុងគួយយ៉ាង។ ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលមកពីបណ្តាប្រទេសនានាក្នុងតំបន់ទន្លេឡានឆាង-មេគង្គ បានពិភាក្សាអំពីការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនូវការអប់រំ និងឧស្សាហកម្ម ដែលបានចាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
ព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមប្រធានបទនៃការអភិវឌ្ឍន៍រួមនៃឧស្សាហកម្ម និងការអប់រំនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដែលបានចែករំលែកអំពីគំរូល្អៗ និងបទពិសោធន៍ពិសេសរបស់សាលានានាក្នុងការលើកកម្ពស់ការអភិវឌ្ឍការអប់រំវិជ្ជាជីវៈតាមរយៈការធ្វើសមាហរណកម្មឧស្សាហកម្ម និងការអប់រំប្រកបដោយខ្លឹមសារជាក់ស្តែង និងទស្សនៈច្នៃប្រឌិត។
តំណាងដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា ការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្មការអប់រំ និងឧស្សាហកម្មគឺទាក់ទងដោយផ្ទាល់ទៅនឹងអនាគតរបស់យុវជននៅក្នុងប្រទេសផ្សេងៗ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចក្នុងតំបន់។ តាមរយៈការផ្លាស់ប្តូរនៅក្នុងព្រឹត្តិការណ៍នេះ ភាគីនានាមិនត្រឹមតែមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គប៉ុណ្ណោះទេ ថែមទាំងបានរកឃើញលទ្ធភាព និងគម្រោងកិច្ចសហប្រតិបត្តិការកាន់តែច្រើនទៀតផង។ នាពេលអនាគត ពួកគេនឹងបន្តបង្កើនទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានក្នុងការអប់រំថ្នាក់ឧត្តមសិក្សា ការអប់រំវិជ្ជាជីវៈ ការអប់រំថ្នាក់មូលដ្ឋាន និងវិស័យផ្សេងៗទៀត ជំរុញឱ្យលទ្ធផលនៃការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យទៅជាគម្រោងជាក់ស្តែង និងការបែងចែកធនធានអប់រំឱ្យបានកាន់តែល្អប្រសើរ ដើម្បីរួមចំណែកក្នុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនូវការអប់រំ និងឧស្សាហកម្មក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។