ឯកឧត្តម វ៉ាង យី៖ ការកសាងសហគមន៍វាសនារួមរបស់ប្រទេសទន្លេឡានឆាង-មេគង្គ ត្រូវបានពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ

lmcchina.org, August 22, 2024
Size:

នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ នៅពេលចូលរួមជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៩ ក្នុងទីក្រុងឈៀងម៉ៃប្រទេសថៃ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានធ្វើការបូកសរុបអំពីវឌ្ឍនភាពនៃការកសាងសហគមន៍វាសនារួមរបស់ប្រទេសទន្លេឡានឆាង-មេគង្គ។

ទីមួយ យើងបន្តពង្រឹងការឯកភាពខាងនយោបាយអំពីការកសាងសហគមន៍វាសនារួម។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចិន និងប្រទេសទន្លេមេគង្គនានាបានរក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ ពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងអនុវត្តយ៉ាងសកម្មតាមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន

ទីពីរ យើងបន្តរៀបចំបណ្តាញតភ្ជាប់គ្នាសម្រាប់សហគមន៍វាសនារួម។ ក្នុងរយៈពេលពីរឆ្នាំកន្លះក្រោយពីបានបើកដំណើរការជាផ្លូវការ ផ្លូវរថភ្លើងចិន-ឡាវទទួលសមិទ្ធផលប្រកបដោយផ្លែផ្កា ដោយបានដឹកអ្នកដំណើរជាង ៣៤ លាននាក់ និងទំនិញជាង ៤០ លានតោន។ មធ្យោបាយដឹកជញ្ជូនរួមនៃ"ផ្លូវដឹកជញ្ជូនរហ័សឡានឆាង-មេគង្គ" និងផ្លូវរថភ្លើងចិន-អឺរ៉ុបកំពុងដំណើរការយ៉ាងល្អ ការអភិវឌ្ឍន៍តាមរយៈការតភ្ជាប់ប្រទេសចិន-ឡាវ-ថៃ ផ្លូវរថភ្លើងតាមព្រំដែនចិន-វៀតណាម និងច្រកពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រ កំពុងដំណើរការយ៉ាងមានភាពរលូន ហើយនិម្មាបនកម្មនៃការតភ្ជាប់"បណ្តាញផ្លូវគោក សមុទ្រ និងអាកាស"ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ រួមទាំងផ្លូវថ្នល់ កំពង់ផែ ព្រលានយន្តហោះ និងអគ្គិសនីជាដើម បានលេចចេញជារូបរាងទូទៅ។

ទីបី យើងខិតខំយ៉ាងសកម្មដើម្បីបង្កើតជាក្បាលម៉ាស៊ីនសម្រាប់ការច្នៃប្រឌិតនៃសហគមន៍វាសនារួម។ វេទិកាកិច្ចសហប្រតិបត្តិការនៃច្រករបៀងនវានុវត្តន៍ឡានឆាង-មេគង្គ ត្រូវបានពន្លឿនដំណើរការសាងសង់ជាបន្តបន្ទាប់ ហើយនឹងអាចត្រូវបង្កើតឡើងនៅក្នុងឆ្នាំនេះ ដែលនឹងចាក់បញ្ចូលនូវកម្លាំងចលករថ្មីទៅក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈបច្ចេកវិទ្យា ការច្នៃប្រឌិតឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ ភាគីចិនកំពុងផ្តួចផ្តើម និងរៀបចំការកសាងឃ្លាំងធនធានកម្មវិធីសិក្សាអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈថ្មីនៅក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដើម្បីផ្តល់ការគាំទ្រសម្រាប់ការអភិវឌ្ឍទម្រង់អាជីវកម្មថ្មី និងបច្ចេកវិទ្យាថ្មីនៅក្នុងតំបន់។

ទី៤ យើងខិតខំកសាងស្ពានតភ្ជាប់ដួងចិត្តប្រជាជននៃសហគមន៍វាសនារួម។ ឆ្នាំនេះ គោលនយោបាយលើកលែងទិដ្ឋាការ ចិន-ថៃ និងចិន-ឡាវ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ហើយកម្មវិធី"ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ចិន-កម្ពុជា" ត្រូវបានដំណើរការដោយជោគជ័យ ប្រជាជនមកពីប្រទេសទាំង ៦ បានធ្វើដំណើរទៅមកជាញឹកញាប់ ហាក់ដូចជាការសាកសួរសុខទុក្ខជាមួយញាតិសន្តានរបស់ខ្លួន។