នៅថ្ងៃទី ១៨ ខែសីហា កម្មវិធី"សប្តាហ៍រូបភាពអន្តរជាតិ ឡានឆាង-មេគង្គឆ្នាំ ២០២៤" បានសម្ពោធបើកជាផ្លូវការនៅទីលានកេសាក្នុងក្រុងយូស៊ូខេត្តឈីងហៃប្រទេសចិន។
កម្មវិធីសប្តាហ៍រូបភាពអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ "រួមគ្នាផឹកទឹកទន្លេតែមួយ ពន្លឺរស្មីរូបភាពចែងចាំលើឡានឆាង-មេគង្គ" ហើយគោលបំណងរួមគ្នាបង្កើនទំនាក់ទំនងរវាងប្រទេសទន្លេឡានឆាង-មេគង្គ និងពិពណ៌នាអំពីសម្រស់ដ៏ស្រស់ស្អាតនៃតំបន់ទន្លេឡានឆាង-មេគង្គតាមរយៈរូបភាព ហើយបង្ហាញជូនពិភពលោកអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច ការការពារអេកូឡូស៊ី ការផ្លាស់ប្តូរវប្បធម៌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាដើម។ ក្នុងឱកាសនោះ មន្ត្រីការទូត អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយសំខាន់ អ្នកថតរូប អ្នកជំនាញខាងវប្បធម៌និងទេសចរណ៍ជាដើម ដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គ រួមគ្នាធ្វើដំណើរទៅកាន់ប្រភពដើមនៃទន្លេឡានឆាង-មេគង្គ ដើម្បីស្វែងយល់យ៉ាងស៊ីជម្រៅអំពី"ការរួមគ្នាផឹកទឹកទន្លេតែមួយ តភ្ជាប់ជោគវាសនាជាមួយគ្នា" តាមរយៈការចូលរួមពិធីសម្ពោធបើកកម្មវិធីសប្តាហ៍រូបភាព ការផឹកតែនិយាយលេងគ្នាក្នុងតង់ កិច្ចសន្ទនាជំនាន់ Z តាមប្រភពទន្លេ សមោសរតន្ត្រីមេឃផ្កាយ និងសកម្មភាពទស្សនកិច្ចជាដើម។
ទន្លេឡានឆាង-មេគង្គមានប្រភពមកពីមណ្ឌលយូស៊ូ ដែលមានប្រវែងសរុបរាប់ពាន់គីឡូម៉ែត្រ ហើយបានតភ្ជាប់នូវប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ នៅខែធ្នូ ឆ្នាំ ២០២៣ កម្មវិធី"សប្តាហ៍រូបភាពអន្តរជាតិ ឡានឆាង-មេគង្គ" ត្រូវបានសរសេរទៅក្នុងសេចក្តីប្រកាសទីក្រុងណៃពីដោនៃកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គលើកទី ៤។ សប្តាហ៍រូបភាពអន្តរជាតិឡានឆាង-មេគង្គដែលបានប្រារព្ធរយៈពេលបីឆ្នាំជាប់ៗគ្នានោះ បានបន្តពង្រឹងមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងខេត្តឈីងហៃជាមួយប្រទេសទន្លេឡានឆាង-មេគង្គនានារួមមាន ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាមតាមរយៈរូបភាព ពង្រឹងចំណងមិត្តភាពនិងការផ្លាស់ប្តូររវាងភាគីនានា ជំរុញឱ្យវប្បធម៌ឡានឆាង-មេគង្គដែល"រក្សាទំនាក់ទំនងដោយស្មើភាពគ្នា ជួយគ្នាទៅវិញទៅមកដោយស្មោះត្រង់ រាប់អានគ្នាដូចគ្រួសារតែមួយ"ចាក់ឫសយ៉ាងជ្រៅទៅក្នុងដួងចិត្តរបស់ប្រជាជន និងក្លាយជាវេទិកាដ៏មានឥទ្ធិពលមួយសម្រាប់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។