កាលពីថ្ងៃទី ១៥ ដល់ទី ២០ ខែកក្កដា សកម្មភាពសិក្សារួមគ្នាតាមប្រភពទន្លេឡានឆាងរបស់ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានប្រារព្ធឡើងនៅក្នុងខេត្តឈីងហៃប្រទេសចិន។ លោក ឆឹង តុងសឹង ប្រធានការិយាល័យព័ត៌មានបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ បានបញ្ជាក់ថា សកម្មភាពសិក្សានេះមានគោលបំណងជួយប្រទេសទន្លេមេគង្គទាំង ៥ ឱ្យយល់ដឹងកាន់តែច្បាស់អំពីការអភិវឌ្ឍ និងការការពារអេកូឡូស៊ីរបស់ប្រទេសចិនតាមដងទន្លេឡានឆាង។
លោកបានបន្តទៀតថា តំបន់ទន្លេឡានឆាង-មេគង្គ គឺជាតំបន់មួយក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ ហើយតែងតែត្រូវបានគំរាមកំហែងដោយគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អ្នកស្រុកក្នុងតំបន់។ ដូច្នេះ ការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងតំបន់ទាំងមូលពិតជាមានសារៈសំខាន់ណាស់។
ទោះជាយ៉ាងណាក៏ដោយ នៅតែមានការយល់ច្រឡំមួយចំនួនក្នុងប្រទេសទន្លេមេគង្គ ដោយបានរងផលប៉ះពាល់ពីការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអំពីសកម្មភាពរបស់ប្រទេសចិននៅតាមទន្លេឡានឆាង។ ប្រព័ន្ធផ្សព្វផ្សាយខ្លះបានចុះផ្សាយព័ត៌មានថា ទំនប់ទឹកដែលសាងសង់ដោយប្រទេសចិនអាចប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងគុណភាពទឹក ហើយបណ្តាលឱ្យមានការរាំងស្ងួត។ តាមពិត ស្ថានីយវារីអគ្គិសនីនៅតាមទន្លេឡានឆាងមិនដែលកាត់បន្ថយបរិមាណទឹកទេ ប៉ុន្តែវាអាចសម្រួលលំហទឹកតាមបែបវិទ្យាសាស្ត្រ។ លោក ឆឹង តុងសឹង បានពន្យល់ថា ស្ថានីយវារីអគ្គិសនីទាំងនេះអាចស្តុកទឹក និងកាត់បន្ថយលំហទឹកនៅរដូវទឹកជំនន់ ហើយបង្កើនលំហូទឹកនៅរដូវប្រាំង។ វិធានការគ្រប់គ្រងនេះបានលើកកម្ពស់បរិមាណទឹកនៃទន្លេមេគង្គក្នុងរដូវប្រាំង ហើយកាត់បន្ថយសម្ពាធទឹកជំនន់ក្នុងរដូវទឹកជំនន់ ព្រមទាំងអាចលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
"ឧទាហរណ៍ ក្រោមលក្ខខណ្ឌធម្មជាតិ ក្នុងរដូវប្រាំង លំហទឹកនៅកំណាត់ខាងក្រោមទន្លេមានត្រឹមតែ ៣០០-៤០០ ម៉ែត្រគូបក្នុងមួយវិនាទី ប៉ុន្តែតាមរយៈការគ្រប់គ្រងនិងសម្រួលដោយប្រព័ន្ធធារាសាស្ត្រ លំហូទឹកអាចឡើងដល់ ១.៥០០ ម៉ែត្រគូបក្នុងមួយវិនាទី"។
កិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ បានទទួលនូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងវិស័យគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត។ ចាប់តាំងពីឆ្នាំ ២០១៧ មក រដ្ឋាភិបាលចិនបានជួយប្រទេសទន្លេមេគង្គក្នុងការអនុវត្តគម្រោងចំនួនជាង ៥០ សម្រាប់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដែលគ្របដណ្តប់លើវិស័យសុវត្ថិភាពនៃការផ្គត់ផ្គង់ទឹកនៅតាមទីជនបទ ការគ្រប់គ្រងជាទូទៅក្នុងតំបន់តាមទន្លេតូចៗ ការត្រួតពិនិត្យសុវត្ថិភាពទំនប់ទឹក និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ គម្រោងទាំងនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់។ ក្នុងនោះ តាមរយៈការអនុវត្តផែនការសកម្មភាពទឹកស្អាត ឡានឆាង-មេគង្គ ដែលផ្តល់ជំនួយដោយរដ្ឋាភិបាលចិននោះ ទីតាំងគំរូសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាពតាមទីជនបទចំនួនជាង ៦០ កន្លែង ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសទន្លេមេគង្គ ដោយបានផ្តល់ទឹកស្អាតប្រកបដោយសុវត្ថិភាពដល់ប្រជាជនក្នុងតំបន់ជាងមួយម៉ឺននាក់។
កិច្ចសហប្រតិបត្តិការវារីអគ្គិសនីទន្លេឡានឆាង-មេគង្គ ក៏បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនក្នុងតំបន់ផងដែរ។ លោក ឆឹង តុងសឹង បានបន្ថែមទៀតថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទន្លេឡានឆាង-មេគង្គត្រូវការថាមពលយ៉ាងច្រើន។ ប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជាជាដើម សុទ្ធតែប្រឈមនឹងបញ្ហាកង្វះខាតថាមពលក្នុងកម្រិតជាក់លាក់មួយ។ ការអភិវឌ្ឍវារីអគ្គិសនីអាចជួយដោះស្រាយយ៉ាងច្រើននូវបញ្ហាខ្វះខាតទាំងនេះ។
លោកបានសង្កត់ធ្ងន់ថា យើងគួរតែរក្សាតុល្យភាពរវាងការអភិវឌ្ឍធនធានទឹក និងការការពារអេកូឡូស៊ី។ ប្រភពទឹកទន្លេទាំង ៣ ស្ថិតនៅក្នុងខេត្តឈីងហៃ គឺទន្លេយ៉ាងសេ ទន្លេលឿង និងទន្លេឡានឆាង។ ក្រោយពីបានបង្កើតឧទ្យានជាតិប្រភពទន្លេ ៣ នៅឆ្នាំ ២០២១ មក វាលស្មៅទំហំ ១៣ ម៉ឺនហិកតា ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងនោះ ត្រូវបានស្តារឡើងជាបន្តបន្ទាប់ ហើយបានការពារដីធ្លីទំហំ ជាង ៧៣០០ ហិកតាពីវាលខ្សាច់ និងបានធ្វើឱ្យពពែទីបេត៍កើនឡើងពីតិចជាង ២ ម៉ឺនក្បាលដល់ជាង ៧ ម៉ឺនក្បាល។
លើសពីនេះ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ កំពុងធ្វើការរួមគ្នាដើម្បីកែលម្អវេទិកាចែករំលែកព័ត៌មានអំពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ។ ចាប់តាំងពីឆ្នាំ ២០០២ មក ក្រសួងធារាសាស្ត្រចិនបានផ្តល់ទិន្នន័យជលសាស្ត្រក្នុងរដូវទឹកជំនន់តាមទន្លេឡានឆាង-មេគង្គដល់លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គតាមពេលកំណត់ ហើយចាប់ផ្តើមផ្តល់ព័ត៌មានជលសាស្ត្រពេញមួយឆ្នាំចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ មក។