ពេលថ្មីៗនេះ វគ្គសិក្សានៃផែនការបណ្តុះបណ្តាលមន្ត្រីការទូតនាពេលអនាគត ឡានឆាង-មេគង្គឆ្នាំ ២០២៤ បានបើកវគ្គនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ តាលាន ក្រោមប្រធានបទ "ជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមចំណែកក្នុងការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ"។ និសក្សិតចិន និងបរទេសជាង ៦០ នាក់បានចូលរួមក្នុងពិធីបើកវគ្គសិក្សានេះ។
"ផែនការបណ្តុះបណ្តាលមន្ត្រីការទូតនាពេលអនាគត ឡានឆាង-មេគង្គ" គឺជាគម្រោងតំណាងមួយនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលមានគោលបំណងកសាងវេទិកាផ្លាស់ប្តូរសម្រាប់យុវជននៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកទំនាក់ទំនងការទូតសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ វគ្គសិក្សានេះរួមមានកិច្ចសន្ទនាកម្រិតខ្ពស់ វេទិកាតុមូល កិច្ចប្រជុំក្រុមការងារ និងកម្មវិធីសិក្សាតម្រាប់តាមកិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសទន្លេឡានឆាង-មេគង្គជាដើម ។
ក្នុងអំឡុងពេលនោះ អ្នកជំនាញជាង ២០ រូបដែលមកពីក្រសួងអេកូឡូស៊ី និងបរិស្ថាន សាកលវិទ្យាល័យ ហ្វូតាន វិទ្យាស្ថានស្រាវជ្រាវបញ្ហាអន្តរជាតិចិន មជ្ឈមណ្ឌលចំណេះដឹងអភិវឌ្ឍន៍អន្តរជាតិចិន សាកលវិទ្យាល័យភាសាបរទេស តាលាន និងស្ថាប័នផ្សេងៗទៀត បានចូលរួមបង្រៀន និងផ្តល់ការណែនាំដល់សិស្សនិស្សិតចិននិងបរទេស។ តំណាងសិក្ខាកាមនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានផ្លាស់ប្តូរយោបល់ និងលើកសំណើរបស់ខ្លួនអំពីការជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ។ បន្ទាប់ពីនោះ សិក្ខាកាមទាំងអស់គ្នាបានទៅទស្សនាសាកលវិទ្យាល័យវេជ្ជសាស្ត្រ តាលាន សារមន្ទីរ លូសួន និងកន្លែងផ្សេងៗទៀត ដើម្បីបង្កើនការយល់ដឹងអំពីប្រទេសចិន ជំរុញការរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌នានា និងផ្សព្វផ្សាយពីចំណងមិត្តភាពទន្លេឡានឆាង-មេគង្គ។