ប្រទេសចិន និងមីយ៉ាន់ម៉ាចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គឆ្នាំ ២០២៤ សម្រាប់ប្រទេសមីយ៉ាន់ម៉ា

lmcchina.org, June 19, 2024
Size:

កាលពីថ្ងៃទី ១៤ ខែមិថុនា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គឆ្នាំ ២០២៤ សម្រាប់ប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធឡើងនៅទីក្រុងណៃពីដោ។ ឯកឧត្តម ឆឹន ហៃឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសមីយ៉ាន់ម៉ា និងឯកឧត្តម ឡុន អ៊ូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ឯកឧត្តម ឆឹន ហៃ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មិនត្រឹមតែជាវិធានការសំខាន់មួយដើម្បីអនុវត្តតាមចំណុចឯកភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គលើកទី ៤ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងមីយ៉ាន់ម៉ារយៈពេល ៧៤ ឆ្នាំ គិតចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមក។ ប្រទេសមីយ៉ាន់ម៉ា គឺជាអ្នកចូលរួម ជាអ្នកជំរុញ និងជាអ្នកទទួលផលប្រយោជន៍ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ប្រទេសទន្លេឡានឆាង-មេគង្គគួរតែធ្វើការរួមគ្នាដើម្បីពង្រីក និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ និងកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គដែលរួមគ្នាឆ្ពោះទៅកាន់សុខសន្តិភាព និងវិបុលភាព។ ប្រទេសចិនមានឆន្ទៈបន្តធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីអនុវត្តគម្រោងទន្លេឡានឆាង-មេគង្គឱ្យបានកាន់តែល្អ ដើម្បីឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើនអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា។

ឯកឧត្តម U Than Swe ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា បានថ្លែងក្នុងពិធីចុះហត្ថលេខានេះថា មីយ៉ាន់ម៉ា និងចិន គឺជាអ្នកជិតខាងដែលមិត្តភាពប្រពៃណី ហើយមានទំនាក់ទំនងដូចបងប្អូនដ៏យូរអង្វែង ហើយមានទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធក្នុងរយៈពេល ៧៤ ឆ្នាំកន្លងមក។ ប្រទេសមីយ៉ាន់ម៉ានឹងចាប់ដៃជាមួយប្រទេសជាដៃគូតាមតំបន់ទន្លេឡានឆាង-មេគង្គ ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

គម្រោងចំនួន ១២ ដែលបានចុះហត្ថលេខាលើកនេះ នឹងគាំទ្រដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍវិស័យកសិកម្ម ការកាត់បន្ថយភាពក្រីក្រ ពាណិជ្ជកម្ម នវានុវត្តន៍ និងវិស័យផ្សេងៗទៀតរបស់ប្រទេសមីយ៉ាន់ម៉ា។