ខេត្តគួយចូវរៀបចំកម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៤ និស្សិតបរទេស ៣៣នាក់ទៅទស្សនាសារមន្ទីរខេត្ត

lmcchina.org, June 17, 2024
Size:

ប៉ុន្មានឆ្នាំនេះ ខេត្តគួយចូវបានរក្សាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសទន្លេមេគង្គ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរលើវិស័យកីឡា និងវប្បធម៌រវាងភាគីទាំងពីរ ខេត្តគួយចូវបានរៀបចំកម្មវិធី "សប្តាហ៍ ឡានឆាង-មេគង្គ" ឆ្នាំ ២០២៤ និងបានអញ្ជើញនិស្សិតបរទេសដែលបន្តវិជ្ជានៅខេត្តគួយចូវចំនួន ៣៣ នាក់មកពីប្រទេសទន្លេមេគង្គឱ្យចូលរួមក្នុងការរត់ម៉ារ៉ាតុង ក្រុងគួយយ៉ាង ឆ្នាំ ២០២៤ នៅថ្ងៃទី ១៦ ខែមិថុនា។ បន្ទាប់ពីការប្រកួតនេះ និស្សិតបរទេសទាំងនោះបានទៅទស្សនា"ពិព័រណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌គួយចូវដ៏ចម្រុះពណ៌"នៅសារមន្ទីរខេត្តគួយចូវ ដើម្បីស្វែងយល់បន្ថែមអំពីទេសភាព វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខេត្តគួយចូវ។

និស្សិតឈ្មោះ ជីន ហ្វីហ្វី Jin Feifei ដែលមកពីប្រទេសមីយ៉ាន់ម៉ា ហើយកំពុងសិក្សានៅសាកលវិទ្យាល័យគរុកោសល្យខេត្តគួយចូវ បាននិយាយថា ស្រុកកំណើតរបស់ខ្ញុំគឺនៅជិតខេត្តយូណាន ហើយការរៀនភាសាចិននឹងផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងការងាររបស់ខ្ញុំ។នៅពេលរៀនភាសាចិន អ្នកត្រូវយល់ដឹងអំពីវប្បធម៌ចិន ដូច្នេះ ការទៅទស្សនាសារមន្ទីរអាចជួយយើងរៀនចំណេះដឹងឱ្យបានលឿន នេះជាអ្វីដែលមានប្រយោជន៍ដល់ការសិក្សារបស់ខ្ញុំ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពយន្ត និងរឿងភាគទូរទស្សន៍ចិនបានបន្ត "ចេញទៅក្រៅប្រទេស" ទាក់ទាញទស្សនិកជនបរទេសកាន់តែច្រើនឡើងៗ។ និសក្សិតខ្មែរឈ្មោះ ឆឹន ហួយលីន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យខេត្តគួយចូវ ចូលចិត្តមើលភាពយន្តចិនណាស់។ នាងបាននិយាយថា ខ្ញុំបានមើលភាពយន្តរឿងភាគចិន ហើយជាប់ចិត្តទៅនឹងភាសាចិន ខ្ញុំចង់ស្វែងយល់ពីរឿងរ៉ាវប្រវត្តិសាស្ត្រដែលពាក់ព័ន្ធនឹងរឿងភាគ ដូច្នេះហើយទើបខ្ញុំចាប់ផ្តើមរៀនភាសាចិននៅសាលាភាសាចិនមួយនៅពេលខ្ញុំមានអាយុ ១៥ ឆ្នាំ ហើយមកដល់ពេលនេះ ខ្ញុំបានរៀនភាសាចិន ៧ ហើយ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ នាងចាប់អារម្មណ៍ខ្លាំងបំផុតចំពោះគ្រឿងអលង្ការពីសម័យផ្សេងៗគ្នានៅក្នុងសារមន្ទីរ។ នាងបានបញ្ជាក់ទៀតថា គ្រឿងអលង្ការចិនពីសម័យផ្សេងៗគ្នាគឺស្រស់ស្អាតណាស់។ ខ្ញុំចង់ដឹងរឿងរ៉ាវអំពីគ្រឿងអលង្ការទាំងនេះ។ ទោះបីជាវាពិបាករៀនភាសាចិនក៏ដោយ ខ្ញុំនៅតែត្រូវបន្តរៀន។

និស្សិតវៀតណាមឈ្មោះ អ៊ូសឺឈីងសួយ ដែលកំពុងសិក្សាពីជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យខេត្តគួយចូវ បាននិយាយថា ប្រទេសចិនមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយវត្ថុបុរាណរបស់ប្រទេសចិនត្រូវបានការពារយ៉ាងល្អ។នៅក្នុងសារមន្ទីរ យើងអាចស្វែងយល់អំពីប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រទេសចិន និងទស្សនារូបគំនូរដែលបន្សល់ទុកនៅលើវត្ថុបុរាណ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌ចិន ហើយការទស្សនាសារមន្ទីរគឺជាមធ្យមបាយដ៏សំខាន់ដែលជួយឱ្យខ្ញុំមានការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ចិន។