កម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ”ឆ្នាំ ២០២៤ ស្តីពីធនធានទឹក ប្រារឰដោយជោគជ័យនៅក្រុងប៉េកាំង

lmcchina.org, April 28, 2024
Size:

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ កម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ”២០២៤ ស្តីពីធនធានទឹក បានប្រារឰដោយជោគជ័យនៅក្រុងប៉េកាំង ក្រោមប្រធានបទ“អនុវត្តតាមស្មារតីអ្នកដឹកនាំ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ”។ លោក ជីន ហៃ ប្រធាននាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងធារាសាស្ត្រចិន លោក លី សៀន ទីប្រឹក្សានាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោកស្រី ហោ ដូល្លា លេខាធិការទី ១ នៃស្ថានទូតប្រទេសកម្ពុជាប្រចាំប្រទេសចិន និងអ្នកតំណាងដែលមកពីស្ថានទូតប្រទេសទន្លេមេគង្គផ្សេងៗទៀតប្រចាំប្រទេសចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទករថាក្នុងកម្មវិធីនេះ។


លោក លី សៀន បានថ្លែងថា ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ជាសហគមន៍រួមជោគវាសនាតែមួយដែលពឹងផ្អែកលើគ្នាទៅវិញទៅមក។ ប្រទេសចិនចែករំលែកព័ត៌មានជលសាស្ត្រនៃទន្លេឡាឆាង-មេគង្គពេញមួយឆ្នាំជាមួយប្រទេសទន្លេមេគង្គនានា ដើម្បីជំរុញឱ្យហេដ្ឋារចនាសម្ព័ន្ធតាមកំណាត់ខាងលើនៃទន្លេដើរតួនាទីសម្របសម្រួលលំហទឹក ជួយបណ្តាប្រទេសទប់ទល់នឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយបានអនុវត្តគម្រោងអភិវឌ្ឍធនធានទឹកដើម្បីប្រយោជន៍ប្រជាជន ផែនការសកម្មភាពទឹកស្អាតទន្លេឡានឆាង-មេគង្គ និងគម្រោងពិនិត្យសុខភាពនៃទំនប់ទឹកជាដើម ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសពាក់ព័ន្ធ។


លោក ជីន ហៃ បានលើកឡើងថា ភាគីចិននឹងរួមសហការជាមួយបណ្តាប្រទេសទន្លេមេគង្គ ក្នុងការជំរុញការចែករំលែកទស្សនវិស័យ និងបទពិសោធន៍នៃការគ្រប់គ្រងធនធានទឹក ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរបច្ចេកទេស កិច្ចសហប្រតិបត្តិការលើគម្រោងជាក់ស្តែង និងការបណ្តុះបណ្តាលធនធានមនុស្ស ខិតខំយ៉ាងសកម្មដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹកតាមទន្លេឡានឆាង-មេគង្គ បន្តជំរុញការអភិវឌ្ឍបុព្វហេតុសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ បង្កើតតំបន់គំរូនៃការកសាង“ខ្សែក្រវាត់ និងផ្លូវ”ដោយមានគុណភាពខ្ពស់ តំបន់ឈានមុខនៃគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល តំបន់ពិសោធន៍នៃគំនិតផ្តួចផ្តើមសន្តិសុខសកល និងតំបន់នាំមុខនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញឱ្យប្រព័ន្ធធារាស្ត្ររួមចំណែកកាន់តែច្រើនក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានា។

មន្ត្រីការទូតនៃប្រទេសទន្លេមេគង្គប្រចាំប្រទេសចិនបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ ហើយបានលើកជាមតិថា មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គបាននិងកំពុងដើរតួនាទីជាសសរទ្រូងសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ។ ប្រទេសពាក់ព័ន្ធនឹងខិតខំចូលរួមសកម្មភាពផ្លាស់ប្តូរគ្នា និងគម្រោងនៃកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹកតាមទន្លេឡានឆាង-មេគង្គ ចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ រួមគ្នាទប់ទល់នឹងហានិភ័យ ដើម្បីកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គដែលពួតដៃគ្នាដើរឆ្ពោះទៅកាន់សុខសន្តិភាព និងវិបុលភាពរួម។