គម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គឆ្នាំ ២០២៤ សម្រាប់ប្រទេសថៃចាប់ដំណើរការជាផ្លូវការ

lmcchina.org, April 8, 2024
Size:

នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ពិធីចាប់ដំណើរការគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គឆ្នាំ ២០២៤ សម្រាប់ប្រទេសថៃ និងកម្មវិធី“សប្តាហ៍ ឡានឆាង-មេគង្គ” ដែលរៀបចំដោយស្ថានទូតប្រទេសចិនប្រចាំប្រទេសថៃ និងក្រសួងការបរទេសថៃ បានប្រារឰឡើងនៅក្រុងបាងកកប្រទេសថៃ។


ឯកឧត្តម ហាន ជឺឈាំង (រូបឆ្វេង) និងលោកជំទាវ Busadee Santipitaks សម្ពោធគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គឆ្នាំ ២០២៤ សម្រាប់ប្រទេសថៃ

 

ឯកអគ្គរដ្ឋទូតប្រទេសឡាវ និងមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ តំណាងស្ថានទូតប្រទេសកម្ពុជា និងវៀតណាមប្រចាំប្រទេសថៃ និងមន្ត្រីរាជការដែលមកពីក្រសួងការបរទេសថៃ និងស្ថាប័ននានានៃរដ្ឋាភិបាលថៃ ប្រមាណ ១០០ នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ឯកឧត្តម ហាន ជឺឈាំង ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសថៃ បានថ្លែងសុន្ទរកថាក្នុងពិធីនេះថា ក្នុងអំឡុងពេល ៨ ឆ្នាំ ក្រោយពីបានបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ប្រទេសពាក់ព័ន្ធបានទទួលនូវសមិទ្ធផលប្រកបដោយផ្លែផ្កាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅប្រជាជន ការពារនិងប្រើប្រាស់ធនធានទឹក ថែរក្សាសន្តិសុខការអនុវត្តច្បាប់ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម។ គិតមកដល់ពេលនេះ ប្រទេសថៃបានចូលរួមប្រើប្រាស់ទឹកប្រាក់ចំនួន ២០ លានដុល្លារមេរិកនៃមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គឆ្នាំ ២០២៤។ ពេលនេះ យើងបានចាប់ដំណើរការនូវគម្រោងចំនួន ១៨ សម្រាប់ប្រទេសថៃ។ ភាគីចិននឹងរួមសហការគ្នាជាមួយប្រទេសថៃ ដើម្បីពន្លឿនការបង្កើតសហគមន៍វាសនារួមចិន-ថៃដែលកាន់តែមានស្ថិរភាព វិបុលភាព និងនិរន្តរភាព ព្រមទាំងពួតដៃគ្នាដើម្បីបង្គើតតំបន់ទន្លេឡានឆាង-មេគង្គដែលកាន់តែមានភាពល្អប្រសើរ។

លោកជំទាវ Busadee Santipitaks ដែលកជា Deputy Permanent Secretary នៃក្រសួងការបរទេសថៃ បានថ្លែងថា ឆ្នាំនេះ ប្រទេសថៃជាសហប្រធាននៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។ ប្រទេសថៃនឹងរួមសហការគ្នាជាមួយប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីថែរក្សាភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ទន្លេមេគង្គ និងជំរុញវិបុលភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃតំបន់ទន្លេឡានឆាង-មេគង្គ។