សិក្ខាសាលាស្តីពីការពង្រឹងធនធានព្រៃឈើប្រកបដោយនិរន្តរភាពក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ប្រារឰនៅក្រុងប៉េកាំង

lmcchina.org, March 25, 2024
Size:

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សិក្ខាសាលាស្តីពីការពង្រឹងធនធានព្រៃឈើប្រកបដោយនិរន្តរភាពក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដែលជាផ្នែកសំខាន់មួយនៃកម្មវិធីអបអរសាទរខួបលើកទី ៨ នៃការបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ និងកម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ” បានប្រារឰតាមអនឡាញ និងតាមទម្រង់ផ្ទាល់ដោយជោគជ័យនៅក្រុងប៉េកាំង។ សិក្ខាសាលានេះរៀបចំដោយរដ្ឋបាលរុក្ខកម្ម និងវាលស្មៅជាតិចិន និងអង្គការព្រៃឈើអាស៊ី-ប៉ាស៊ីហ្វិក ដែលមានការចូលរួមពីតំណាងស្ថាប័នរដ្ឋបាល វិទ្យាស្ថានស្រាវជ្រាវ និងអង្គការអន្តរជាតិនៃប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាដើម សរុបជាង ៦០ នាក់។ អង្គវេទិកាបានផ្លាស់ប្តូរ និងចែករំលែកគ្នាអំពីការគ្រប់គ្រងនិងគំរូពហុមុខងាររុក្ខកម្មជាតិ ការដាំដុះនិងថែរក្សាដើមឈើមានតម្លៃ ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាពក្នុងតំបន់ពិសេស ការកំណត់ផែនការនិងធ្វើគំរូប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ការគ្រប់គ្រងនិងប្រើប្រាស់ព្រៃឈើក្នុងទីក្រុង ការអភិរក្សនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមក្នុងឧទ្យានជាតិ ៘ ព្រមទាំងបានលើកសំណើសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

លោក សៀ ជូន ប្រធាននាយកដ្ឋានអន្តរជាតិនៃរដ្ឋបាលរុក្ខកម្ម និងវាលស្មៅជាតិចិន បានថ្លែងថា វេទិកានេះបានរៀបចំក្នុងឱកាសទិវាព្រៃឈើអន្តរជាតិទី ១២ និងកម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ” ដើម្បីជំរុញឱ្យភាគីនានាធ្វើការផ្លាស់ប្តូរគ្នាអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគម្រោងដែលទាក់ទិននឹងធនធានព្រៃឈើក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ចែករំលែកពីគោលនយោបាយរុក្ខកម្មថ្មីៗ និងពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុក្ខកម្មនាពេលអនាគត។

លោក Preecha Ongprasert ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលរុក្ខកម្មប្រទេសថៃ បានបញ្ជាក់ថា ប្រទេសទន្លេឡានឆាង-មេគង្គកំពុងប្រឈមនឹងបញ្ហាធនធានព្រៃឈើជាច្រើន ឧទាហរណ៍ ការធ្វើឧស្សាហូបនីយកម្ម នគរូបនីយកម្ម និងកំណើនចំនួនប្រជាជនបានធ្វើឱ្យមនុស្សយើងមានតម្រូវការកាន់តែច្រើនលើធនធានព្រៃឈើ ចំណែកការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតក៏បាននាំមកនូវភាពមិនប្រាកដជាច្រើនផងដែរ។ លោកអំពាវនាវឱ្យភាគីនានាផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានព្រៃឈើ ដែលនឹងអាចមានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដោយចីរភាពក្នុងតំបន់។

សព្វថ្ងៃ អង្គការព្រៃឈើអាស៊ី-ប៉ាស៊ីហ្វិកបានប្រើថវិកាប្រមាណ ៦០% សម្រាប់ផ្តល់ការគាំទ្រដល់គម្រោងក្នុងតំបន់នេះ។