សាស្ត្រាចារ្យនៃសាកលវិទ្យាល័យប៉េកាំង៖ ប្រទេសអាមេរិកបង្ហាញស្តង់ដារពីរសម្រាប់ការអភិវឌ្ឍ និងប្រើប្រាស់ធនធានទឹកឆ្លងព្រំដែន

lmcchina.org, March 22, 2024
Size:

នៅពេលទទួលកិច្ចសម្ភាសន៍ពិសេសពីគេហទំព័រចិន លោក ចាយ ឃុន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិសាកលវិទ្យាល័យប៉េកាំង និងជាអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវទន្លេមេគង្គពិភពលោក(សាខាប្រទេសចិន) បានបញ្ចេញយោបល់ថា ប្រទេសអាមេរិកប្រព្រឹត្តអនុត្តរភាពចំពោះប្រទេសម៉ិកស៊ិកក្នុងការអភិវឌ្ឍ និងប្រើប្រាស់ធនធានទឹកឆ្លងព្រំដែន មិនតែប៉ុណ្ណោះទេ ប្រទេសអាមេរិកកំពុងសាកល្បងបំផ្លាញទំនាក់ទំនងរវាងប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីទទួលបានផលប្រយោជន៍ខាងនយោបាយភូមិសាស្ត្រ និងធ្វើការគ្រប់គ្រងខាងនយោបាយ។

លោកសាស្ត្រាចារ្យ ចាយ ឃុន បានបញ្ជាក់ថា ទន្លេ Colorado និងទន្លេ Rio Grande មានប្រភពដើមពីប្រទេសអាមេរិក ដែលមានប្រវែង ២៣២០ គ.ម និង ៣០៥១ គ.ម រៀងខ្លួន ហើយជាចំណុចស្នូលនៃទំនាក់ទំនងខាងធនធានទឹករវាងប្រទេសអាមេរិក និងម៉ិកស៊ិក។ ចាប់ពីសតវត្សរ៍ទី ១៨ មក ចំនួនប្រជាជនដែលរស់នៅភាគខាងលិចនៃប្រទេសអាមេរិកកើនឡើងយ៉ាងឆាប់រហ័ស។ នៅឆ្នាំ ១៩៤៤ ប្រទេសអាមេរិក និងម៉ិកស៊ិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ធនធានទឹកឆ្លងដែនឱ្យសមហេតុផល។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ជារៀងរាល់ឆ្នាំ ប្រទេសអាមេរិកផ្គត់ផ្គង់ទឹកចំនួន ១៨៥០ លានម៉ែត្រគូបដល់ប្រទេសម៉ិកស៊ិកតាមរយៈទន្លេ Colorado ចំណែកឯប្រទេសម៉ិកស៊ិកត្រូវផ្គត់ផ្គង់ទឹកចំនួន ៤៣១ លានម៉ែត្រគូបដល់ប្រទេសអាមេរិកតាមរយៈទន្លេ Rio Grande

លោកសាស្ត្រាចារ្យបន្តទៀតថា បើនិយាយអំពីកិច្ចព្រមព្រៀងបែងចែកធនធានទឹកនេះ ម៉ិកស៊ិកមិនខាតទេ។ ប៉ុន្តែ យើងគួរតែកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសម៉ិកស៊ិកបានជួបនឹងគ្រោះរាំងស្ងួតច្រើន ហើយមិនមានទឹកនៅសល់សម្រាប់ផ្តល់ឱ្យប្រទេសអាមេរិកទេ។ ប្រទេសម៉ិកស៊ិកមានរដ្ឋចំនួន ៣២ ក្នុងនោះមានរដ្ឋចំនួន ១៥ ត្រូវបានវិទ្យាស្ថានស្រាវជ្រាវធនធានពិភពលោកកំណត់ថាជា“កន្លែងខ្វះទឹកបំផុត”។ គិតមកដល់ឆ្នាំ ២០២០ ម៉ិកស៊ិកបានជំពាក់អាមេរិកធនធានទឹកចំនួន ៤២៦ លានម៉ែត្រគូប ហើយអាមេរិកបង្ខំឱ្យម៉ិកស៊ិកសងទឹកវិញ។

ប្រទេសអាមេរិកបានសាងសង់ទំនប់ទឹកចំនួនជាង ១០ តាមទន្លេ Colorado រួមមានទំនប់ទឹក Hoover និងទំនប់ទឹកធំៗមួយចំនួនទៀត។ អាមេរិកបានកាន់កាប់ទឹកទន្លេនេះទាំងស្រុង។ ប្រទេសអាមេរិកបានប្រើទឹកទន្លេ Colorado ទៅស្រោចស្រពដីស្រែចំការកាន់តែច្រើនរបស់ខ្លួន ចំណែកឯតំបន់ដីសណ្តទន្លេ Colorado បានក្លាយទៅជាកសិដ្ឋានដាំដុះបន្លែ និងផ្លែឈើដ៏ល្បីឈ្មោះរបស់អាមេរិក។ លោកសាស្ត្រាចារ្យ ចាយ ឃុន បានបន្ថែមទៀតថា តាំងពីឆ្នាំ ១៩៩៨ មក ទឹកទន្លេ Colorado មិនដែលចាក់ចូលសមុទ្រនោះទេ។ ប្រទេសម៉ិកស៊ិកបានបាត់បង់តំបន់កសិកម្មដែលមានជីជាតិល្អជាងគេ តែអាមេរិកមិនដែលគិតពីរឿងនេះនៅឡើយ។

ប៉ុន្តែ បច្ចុប្បន្ន អាមេរិកបែរជាជ្រៀតចូលរឿងធនធានទឹកនៃទន្លេឡានឆាង-មេគង្គ ហើយបំផ្ទុះនូវសង្គ្រាមឃោសនាការមួយចំពោះតំបន់នេះ។ ប្រទេសអាមេរិក រួមទាំងអង្គការក្រៅរដ្ឋាភិបាល ធនាគារខួរក្បាល អ្នកនិយាយផ្សព្វផ្សាយ មន្ត្រីរាជការមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអាមេរិក និយាយបំផ្លើសពីបញ្ហាបរិស្ថាន និងធនធានដោយចេតនា ផ្សព្វផ្សាយពីទិន្នន័យមិនមានភាពត្រឹមត្រូវ បំផ្លាញនូវអ្វីដែលប្រទេសចិនខិតខំធ្វើនៅក្នុងតំបន់នេះ ដើម្បីបំផ្លាញនូវទំនាក់ទំនងរវាងប្រទេសនានាក្នុងតំបន់។ លោកសាស្ត្រាចារ្យបន្តទៀតថា នេះគឺដើម្បីបង្ករឿង និងបំផ្លាញទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសតាមកំណាត់ខាងក្រោមទន្លេមេគង្គ ហើយកំពុងធ្វើតាមវិធីសាស្ត្រ និងល្បិចកលគ្រប់ប្រភេទ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ មានទឹកដីនៅជាប់គ្នា និងបានបង្កើតចំណងមិត្តភាពដ៏ល្អប្រពៃដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយជាដៃគូសហប្រតិបត្តិការ និងជាអ្នកជិតខាងដ៏ល្អប្រសើរ។ ប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ បានរក្សាទំនាក់ទំនងយ៉ាងល្អប្រសើរ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបានបង្កើតកិច្ចសហប្រតិបត្តិការស្អិតល្មួតដែលមានកម្រិតខ្ពស់។ ប្រទេសចិនបានបង្កើតសហគមន៍វាសនារួមទ្វេភាគីជាមួយប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ក្រោមក្របខណ្ឌនៃយន្តការសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ប្រទេសទាំង ៦ កំពុងរួមគ្នាបង្កើតជាសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គសម្រាប់ដើរឆ្ពោះទៅកាន់សុខសន្តិភាព និងវិបុលភាពរួម។

លោកបានបញ្ជាក់ថា ការខុសគ្នារវាងប្រទេសចិន និងអាមេរិកគឺ ប្រទេសចិនខិតខំជំរុញការបង្កើតសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គសម្រាប់ដើរឆ្ពោះទៅកាន់សុខសន្តិភាព និងវិបុលភាពរួមជាមួយប្រទេសទន្លេមេគង្គ ចំណែកប្រទេសអាមេរិក គ្រាន់តែផ្តល់ផលប្រយោជន៍ដល់ប្រទេសទន្លេមេគង្គតាមមាត់ តែមិនមានការអនុវត្តជាក់ស្តែងទេ។ គេធ្វើបែបនេះដើម្បីបំផ្លាញទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គ បង្ករឿងក្នុងតំបន់ទន្លេមេគង្គ ដើម្បីញុះញង់ឱ្យប្រទេសទន្លេមេគង្គជ្រើសរើសភាគីណាមួយរវាងប្រទេសចិន និងអាមេរិក។

លោកបានបន្ថែមទៀតថា តាមពិតទៅ អាមេរិកជ្រៀតចូលការអភិវឌ្ឍធនធានទឹកទន្លេមេគង្គមុនគេ។ តែនៅទសវត្សរ៍ឆ្នាំ ៧០ នៃសតវត្សរ៍ទី ២០ ដោយសារតែបានទទួលបរាជ័យក្នុងសង្គ្រាមវៀតណាម អាមេរិកបានដកចេញទៅវិញ តែបែរជាប្រើល្បិចកលមកនិយាយផ្តេសផ្តាសអំពីការអភិវឌ្ឍធនធានទឹករបស់ប្រទេសទន្លេឡានឆាង-មេគង្គ។ នេះអាចនិយាយបានថាជា“ស្តង់ដារពីរពិតប្រាកដមែន។

លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសចិនស្វាគមន៍ប្រទេសអាមរិកមកចូលរួមកិច្ចសហប្រតិបត្តិការទន្លេមេគង្គតាមគោលការណ៍សហប្រតិបត្តិការ តែប្រទេសចិនមិនអាចទ្រាំនឹងអំពើណាមួយដែលមកធ្វើការញុះញង់ ឬការបំផ្លាញនោះទេ។ លោកបានបញ្ជាក់ថា ប្រទេសចិនមិនដែលបង្ករឿង តែក៏មិនខ្លាចរឿងដែរ យើងជឿជាក់ថា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទន្លេមេគង្គអាចមើលឃើញការពិតយ៉ាងច្បាស់លាស់។ “យើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការកសាងសហគមន៍វាសនារួមប្រទេសទន្លេមេគង្គ”។