អ្នកស្រាវជ្រាវ៖ ស្ថានីយវារីអគ្គិសនីចិនជួយសម្រួលលំហទឹកទន្លេមេគង្គក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់បំផុត

lmcchina.org, March 20, 2024
Size:

ពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានលើកជាមតិថា ស្ថានីយវារីអគ្គិសនីរបស់ប្រទេសចិននឹងអាចជួយសម្រួលលំហទឹកទន្លេមេគង្គក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់បំផុត ដែលជួយដល់ប្រទេសតាមកំណាត់ខាងក្រោយទន្លេឡានឆាង-មេគង្គឱ្យទាន់ពេលវេទលា។

លោក លូ ក្វាងស៊ឺង ប្រធានមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យយូណាន បានបញ្ជាក់ថា ស្ថានីយវារីអគ្គិសនីចិននឹងអាចជួយសម្រួលលំហទឹកទន្លេនៅរដូវទឹកស្រក និងទឹកឡើង។

លោកសស្ត្រាចារ្យ ធាន ហ្វូឈាំង ដែលមកពីផ្នែកវិស្វកម្មធារាសាស្ត្រ និងវារីអគ្គិសនីនៃសាកលវិទ្យាល័យឈីងហួ បានបញ្ជាក់ថា បរិមាណទឹកនៃទន្លេឡានឆាងដែលហូរចេញពីប្រទេសចិនត្រូវជាត្រឹមតែ ១៣,៥% នៃបរិមាណទឹកទន្លេមេគង្គដែលាចាក់ចូលសមុទ្រ នេះមានន័យថា វារីអគ្គិសនីចិនមានផលប៉ះពាល់តិចតួចទៅលើបរិមាណទឹកនៃកំណាត់ខាងក្រោមទន្លេមេគង្គ។

លោកសាស្ត្រាចារ្យបានពន្យល់ថា គម្រោងវារីអគ្គិសនីគ្រាន់តែប្រើប្រាស់ថាមពលធនធានទឹក ហើយមិនមែនថាបន្ថយនូវបរិមាណទឹកនោះទេ ប៉ុន្តែវាអាចជួយសម្រួលលំហទឹកនៃទន្លេធម្មជាតិបាន។ លោកបន្តទៀតថា ប្រទេសចិនធ្វើការអភិវឌ្ឍធនធានទឹកទន្លេឡានឆាងដើម្បីប្រើប្រាស់ថាមពលវារីអគ្គិសនី ដែលជាថាមពលស្អាតមួយប្រភេទ។ លោកបានបញ្ជាក់ថា តាមដងទន្លេមេគង្គក្នុងប្រទេសឡាវក៏មានទំនប់ទឹក និងស្ថានីយវារីអគ្គិសនីដែរ។

តាមលទ្ធផលនៃការស្រាវជ្រាវមួយដែលរៀបចំដោយគណៈកម្មាធិការទន្លេមេគង្គ មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រធារាសាស្ត្រ និងវារីអគ្គិសនីចិន និងវិទ្យាស្ថានគ្រប់គ្រងទឹកអន្តរជាតិបានឱ្យដឹងថា វារីអគ្គិសនីដែលសាងសង់តាមរាងជណ្តើរលើទន្លេឡានឆាងនឹងអាចមានឥទ្ធិពលវិជ្ជមានចំពោះលំហទឹក និងកម្ពស់ទឹកតាមដងទន្លេមេគង្គនារដូវទឹកស្រក។

តាមទិន្នន័យពាក់ព័ន្ធក្នុងរបាយការណ៍ស្រាវជ្រាវនេះ អាស្រ័យលើវារីអគ្គិសនីរាងជណ្តើរលើទន្លេឡានឆាង លំហទឹក និងកម្ពស់ទឹកតាមស្ថានីយឈីងសេងបានរក្សាកម្រិតល្អជាងកម្រិតជាមធ្យមក្នុងរដូវទឹកស្រកឆ្នាំ ២០១២-២០១៣។

 

បរិមាណទឹកភ្លើងប្រចាំខែក្នុងតំបន់ទន្លេមេគង្គ(ប្រភព៖ គណៈកម្មាធិការទន្លេមេគង្គ)

នៅឆ្នាំ ២០១៩ តំបន់ទន្លេមេគង្គបានរងការប៉ះពាល់ពីគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលបានប៉ះពាល់ដល់បរិមាណទឹកក្នុងទន្លេ។ ជាមួយគ្នានោះ ខេត្តយូណានដែលស្ថិតនៅតាមទន្លេឡានឆាង-មេគង្គក៏បានជួបនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរដែរ។ តាំងពីកំណាត់ខាងលើដល់កំណាត់ខាងក្រោម អាកាសធាតុអាក្រក់បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាជនក្នុងតំបន់។

តាមរបាយការណ៍ដែលប្រកាសដោយវិទ្យាស្ថានប្លង់វារីអគ្គិសនី និងធារាសាស្ត្របានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យកើតគ្រោះរាំងស្ងួតធ្ងន់ធ្ងរគឺ រដូវភ្លៀងមានរយៈពេលខ្លី ភ្លៀងខ្យល់មូសុងបានថយចុះ ចំណែកបាតុភូត El Nino បានបណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង និងចំហាយទឹកច្រើន។

ទោះបីជាមានភ្លៀងធ្លាក់តិច ក៏ប៉ុន្តែនៅរដូវទឹកស្រកឆ្នាំ ២០១៩ វារីអគ្គិសនីណូចាទូ និងសៀវវ៉ាន់ដែលជាស្ថានីយវារីអគ្គិសនីសំខាន់ទាំង ២ បានបើកច្រកបង្ហូរទឹកជាមួយគ្នា ដែលបានបន្ថែមនូវលំហទឹកនៅតាមកំណាត់ខាងក្រោមនៃទន្លេឡានឆាង-មេគង្គ។

តាមទិន្នន័យក្នុងរបាយការណ៍ស្រាវជ្រាវនេះបានឱ្យដឹងថា នៅរដូវទឹកស្រកឆ្នាំ ២០១៩ ទំនប់ទឹកបានបង្ហូរទឹកចំនួន ១៧០០០ លានម៉ែត្រគូបទៅកំណាត់ខាងក្រោម ត្រូវជា ១៤,៧% នៃលំហទឹកជាមធ្យមតាមស្ថានីយឈីងសេងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ស្ថានីយជលសាស្ត្រឈីងសេងជាស្ថានីយជលសាស្ត្រទី ១ ដែលទន្លេឡានឆាងហូរចូលក្នុងឧបទ្វីបឥណ្ឌូចិន។

ឯកឧត្តម លី គួយីង រដ្ឋមន្ត្រីក្រសួងធារាសាស្ត្រចិន បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលលើកទី ៤ នៃគណៈកម្មាធិការទន្លេមេគង្គឆ្នាំ ២០២៣ ថា ភាគីចិនបានប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវស្ថានីយវារីអគ្គិសនីទន្លេឡានឆាង-មេគង្គ ដើម្បីសម្រួលលំហទឹកទន្លេឡានឆាង-មេគង្គក្នុងរដូវទឹកស្រក និងរដូវទឹកឡើង ជួយប្រទេសទន្លេមេគង្គទប់ទល់នឹងគ្រោះរាំងស្ងួត និងបានសម្រេចនូវគោលដៅថា “នៅឆ្នាំដែលមានអាកាសធាតុរាំងស្ងួតគ្មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរទេ”។

ក្នុងគោលបំណងនៃការអភិវឌ្ឍវារីអគ្គិសនីតាមទន្លេឡានឆាង-មេគង្គប្រកបដោយនិរន្តរភាព លោកសាស្ត្រាចារ្យ លូ ក្វាងស៊ឺង ស្នើឱ្យជំរុញការចែករំលែកទិន្នន័យជាមួយគ្នា។ ឧទាហរណ៍ ប្រទេសចិនបាអនុវត្តតាមពាក្យសន្យារបស់ខ្លួន ដោយបានបង្កើតជាវេទិកាចែករំលែកព័ត៌មានអំពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គមួយនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។ លោកបានបន្ថែមទៀតថា បច្ចេកទេសឌីជីថល និងម៉ូឌែលពេញលក្ខណៈមានសារៈសំខាន់ណាស់សម្រាប់ជំរុញការចែករំលែកទិន្នន័យត្រឹមត្រូវ ហើយនឹងអាចជួយឱ្យយើងធ្វើសេចក្តីសម្រេចដោយមានភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់។