ក្រសួងការបរទេសចិនឆ្លើយតបការបង្ហាញអាកប្បកិរិយារបស់ប្រធានាធីបតីហ្វីលីពីនអំពីបញ្ហាសមុទ្រចិនខាងត្បូង៖ ភាគីហ្វីលីពីនត្រូវបញ្ឈប់ការប្រើបញ្ហាសមុទ្រចិនខាងត្បូងមកញ៉ុះញង់បង្កជម្លោះ

CRI, March 18, 2024
Size:

      តាមការផ្សាយដំណឹងឱ្យដឹងថា  លោក Marcos   ប្រធានាធិបតីហ្វីលីពីនបានថ្លែងនៅក្រុង Berlin នាថ្ងៃទី ១២ ខែមីនាថា  ហ្វីលីពីនមិនទទួលយកការដែលចិនកំណត់ទឹកដីតាម«ខ្សែបន្ទាត់10 កំណត់ » ដែលមិនត្រូវបានទទួលស្គាល់ពីសំណាក់ប្រទេសនិងអង្គការអន្តរជាតិណាមួយនោះទេ។

      ទាក់ទិននឹងករណីនេះ  លោក Wang Wenbing  អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនៅថ្ងៃទី១៤ខែមីនាថា   ភាគីហ្វីលីពីនត្រូវបញ្ឈប់ការឃោសនាខុសឆ្គងចំពោះសហគមន៍អន្តរជាតិ បញ្ឈប់ការយកបញ្ហាសមុទ្រចិនខាងត្បូងមកបង្កជម្លោះ  បញ្ឈប់ការប្រើប្រាស់កម្លាំងខាងក្រៅមកបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង។

       លោក Wang Wenbing  បានបញ្ជាក់ថា  ប្រទេសចិនបានរកឃើញមុនគេបង្អស់  និងដាក់ឈ្មោះមុនគេបង្អស់  ព្រមទាំងបានចាប់ផ្តើមអភិវឌ្ឍនិងប្រើប្រាស់មុនគេបង្អស់ចំពោះប្រជុំកោះនិងលំហសមុទ្រពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូង   ចិនបានអនុវត្តអធិបតេយ្យភាពទឹកដី បានគ្រប់គ្រងដោយនិរន្តរភាព   ដោយសន្តិភាព និងប្រកបដោយប្រសិទ្ធភាពចំពោះប្រជុំកោះនៅសមុទ្រចិនខាងត្បូងនិងលំហសមុទ្រពាក់ព័ន្ធ។ ក្រោយពីសង្គ្រាមលោកលើកទីពីរ  រដ្ឋាភិបាលចិនបានអនុលោមតាមការកំណត់នៃ«សេចក្តីថ្លែងការណ៍ទីក្រុងគែរ»  និង «សេចក្តីប្រកាស Potsdam  »   ប្រមូលយកប្រជុំកោះសមុទ្រចិនខាងត្បូងដែលត្រូវជប៉ុនឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់មកវិញ  ហើយបានអនុវត្តអធិបតេយ្យភាពទឹកដីឡើងវិញ។   អធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសចិន ចំពោះសមុទ្រចិនខាងត្បូងរួមមាន៖  ប្រទេសចិនមានអធិបតេយ្យភាពទឹកដីចំពោះប្រជុំកោះនៅសមុទ្រចិនខាងត្បូង  ប្រជុំកោះនៅសមុទ្រចិនខាងត្បូងរបស់ចិនមានដែនទឹកខាងក្នុង លំហសមុទ្រ និងតំបន់ជុំវិញ   ប្រជុំកោះសមុទ្រចិនខាងត្បូងរបស់ចិនមានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងជាយទ្វីប ,   ប្រទេសចិនមានសិទ្ធិជាលក្ខណៈប្រវត្តិសាស្ត្រចំពោះសមុទ្រចិនខាងត្បូង។ គោលជំហររបស់ប្រទេសចិនដូចខាងលើ គឺសមស្របនឹងច្បាប់អន្តរជាតិនិងការអនុវត្តនៃអន្តរជាតិ។

       លោក Wang Wenbing  បានបន្តទៀតថា  កាលពីឆ្នាំ១៩៤៨ រដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការនូវខ្សែបន្ទាត់នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានរដ្ឋាភិបាលចិនគ្រប់អាណត្តិប្រកាន់ខ្ជាប់រហូតមក   អស់កាលជាយូរមកហើយមិនដែលមានប្រទេសណាមួយចោទជាមន្ទិលឡើយ។   ប្រទេសចិនមិនដែលថាសមុទ្រចិនខាងត្បូងទាំងមូលជារបស់ចិននោះទេ។  ភាគីហ្វីលីពីនបានអះអាងថាភាគីចិនកាន់កាប់លំហសមុទ្រទាំងអស់ក្នុងខ្សែបន្ទាត់ជាទឹកដីខ្លួន  នេះគឺមានចេតនាអាក្រក់មួលបង្អាច់ចំពោះគោលជំហររបស់ចិន  មិនសមស្របនឹងការពិត។ ភាគីហ្វីលីពីនត្រូវបញ្ឈប់ការឃោសនាខុសឆ្គងចំពោះសហគមន៍អន្តរជាតិ បញ្ឈប់ការយកបញ្ហាសមុទ្រចិនខាងត្បូងមកបង្កជម្លោះ  បញ្ឈប់ការប្រើប្រាស់កម្លាំងខាងក្រៅមកបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង៕