កិច្ចប្រជុំតុមូលស្តីពីការផ្លាស់ប្តូរស្ថានភាពឧក្រិដ្ឋកម្មនៅតំបន់ឡានឆាង-មេគង្គប្រារព្ធនៅក្រុងគុនមីង

lmcchina.org, March 5, 2024
Size:

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ កិច្ចប្រជុំតុមូលស្តីពីការផ្លាស់ប្តូរស្ថានភាពឧក្រិដ្ឋកម្មនៅតំបន់ឡានឆាង-មេគង្គដែលរៀបចំដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខការអនុវត្តច្បាប់ឡានឆាង-មេគង្គ ត្រូវបានរៀបចំឡើងនៅក្រុងគុនមីងនៃខេត្តយូណាន។ អង្គប្រជុំបានធ្វើការវិភាគ និងវិនិច្ឆ័យយ៉ាងត្រឹមត្រូវអំពីស្ថានភាពឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ ដែលបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីបទឧក្រិដ្ឋនៃការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបានឯកភាពគ្នាលើការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខនៃការអនុវត្តច្បាប់។

ភាគីនានាដែលបានចូលរួមប្រជុំ បានឯកភាពគ្នាថា ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទឧក្រិដ្ឋពាក់ព័ន្ធបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ ហើយប្រទេសនានាគួរតែចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ។ ភាគីនានាឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំផ្លាស់ប្តូរគ្នាតាមពេលកំណត់ និងបង្កើតជាយន្តការនៃការវិភាគ និងវាយតម្លៃចំពោះស្ថានភាពឧក្រិដ្ឋកម្មក្នុងតំបន់។ ភាគីនានាឯកភាពគ្នាលើការលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការ ពង្រីកវិសាលភាពនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ ភាគីនានាឯកភាពគ្នាលើការបំពេញតម្រូវការអំពីបរិយាកាសសន្តិសុខសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ ដោយចាត់ទុក"ការកសាងស្រុកកំណើតប្រកបដោយសុខសន្តិភាព"ជាគោលដៅសំខាន់ រៀបចំសកម្មភាពរួមឱ្យបានទាន់ពេលវេលាដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មក្នុងតំបន់ ពួតដៃគ្នាដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញវិបុលភាពក្នុងតំបន់ ព្រមទាំងបង្កើតបានជាអនាគតកាន់តែភ្លឺស្វាងសម្រាប់ប្រជាជននៃប្រទេសទន្លេឡានឆាង-មេគង្គ។

អ្នកតំណាងជាង ៦០ រូបដែលមកពីក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈចិន ក្រសួងសន្តិសុខសាធារណៈឡាវ ក្រសួងការពារជាតិឡាវ ក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា ស្ថាប័ននគរបាយថៃ និងក្រសួងសន្តិសុខសាធារណៈវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំនេះ។