នាយប់ថ្ងៃទី ២២ ខែវិច្ឆិកា លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃប្រទេស G20 តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំងព្រមទាំងថ្លែងសុន្ទរកថា ។
លោក Li Qiang បានលើកឡើងថា សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលនៃប្រទេស G20 ក្រុងញូវដែលីបានបញ្ចេញនូវសំឡេងយុគសម័យស្តីពីការប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបតិ្តការនិងសាមគ្គីភាពនិងរួមគ្នាឆ្លើយតបនឹងវិបត្តិសកល ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា សមាជិកនៃប្រទេស G20 សុទ្ធតែជាប្រទេសធំលើពិភពលោកនិងក្នុងតំបន់ ដូច្នេះគួរតែបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំនិងដើរតួនាទីជាគំរូ ។ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាភាគីនានាដើម្បីប្រកាន់ខ្ជាប់បំណងដើមនៃកិច្ចសហប្រតិបត្តិការ ឆ្លើយតបនឹងសំឡេងអំពាវនាវនៃយុគសម័យ ក៏ដូចជាពួតដៃគ្នាដើម្បីត្រួតត្រាយអនាគតល្អបវររួមនៃមនុស្សជាតិ ។
លោក Li Qiang បានបន្តទៀតថា យើងត្រូវបន្តប្រកាន់ខ្ជាប់នូវការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព តម្កក់ទុកកិច្ចសហប្រតិបត្តិនិងការអភិវឌ្ឍជាកិច្ចការសំខាន់ ក៏ដូចជាពន្លឿនការសម្រេចបាននូវកំណើនសេដ្ឋកិច្ចពិភពលោកដែលប្រកបដោយសន្ទុះខ្លាំងក្លា និរន្តរភាព តុល្យភាពនិងបរិយាបន្ន ហើយប្រឆាំងនឹងការធ្វើឱ្យបញ្ហាអភិវឌ្ឍន៍ទៅជាបញ្ហានយោបាយនិងបញ្ហាសន្តិសុខ ។ ប្រទេសចិនរីករាយបន្តពួតដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាភាគីនានាក្នុងក្របខ័ណ្ឌបើកចំហនិងបរិយាបន្នដើម្បីរួមចំណែកកាន់តែធំសម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ក៏ដូចជាជំរុញការអភិវឌ្ឍនិងវិបុលភាពសកល ៕