ប្រទេសចិនបន្តជំរុញកំណែទម្រង់ប្រព័ន្ធវិនិយោគនៃពាណិជ្ជករបរទេស ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ចំនួនសហគ្រាសទុនបរទេសថ្មីបានកើនឡើង ៣២.១%

CRI, November 22, 2023
Size:

ចាប់តាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានបន្តជំរុញកំណែទម្រង់ប្រព័ន្ធវិនិយោគនៃពាណិជ្ជករបរទេស និងបន្តធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការប្រើប្រាស់ទុនបរទេស។ ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ សហគ្រាសទុនបរទេសចំនួន៤១៩៤៧ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសចិន ដែលកើនឡើង៣២.១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ក្រុមហ៊ុនឆ្លងប្រទេសមានសុទិដ្ឋិនិយមជាទូទៅចំពោះអនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិន ពួកគេមានឆន្ទៈក្នុងការអភិវឌ្ឍរយៈពេលវែងនៅប្រទេស។

ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ នៅទូទាំងប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន៩៨៧ពាន់លានយាន់ប្រាក់ចិន ដែលបានធ្លាក់ចុះ៩.៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប្រការនេះក៏បណ្តាលឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃជំនឿចិត្តនិងការរំពឹងទុកចំពោះទុនបរទេស។ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងពាណិជ្ជកម្មចិនកាលពីពេលថ្មីៗនេះ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ដោយសាររងឥទ្ធិពលពីកត្តាមួយចំនួនដូចជាការធ្លាក់ចុះនៃការវិនិយោគឆ្លងដែនផ្ទាល់នៅសកលលោក និងមូលដ្ឋានខ្ពស់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បានជាទំហំបណ្តាក់ទុនផ្ទាល់ពីបរទេសបានធ្លាក់ចុះនៅឆ្នាំនេះ ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតខ្ពស់នៃប្រវត្តិសាស្ត្រដដែល៕