លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

CRI, September 25, 2023
Size:

        ព្រឹកថ្ងៃទី ២៣ ខែកញ្ញា  នៅសណ្ឋាគារភ្ញៀវជាតិ Xihu ក្រុង Hangzhou (ហាងចូវ)    លោក Xi Jinping  ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយាងមកក្រុងហាងចូវ  ដើម្បីយាងចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី១៩។
        
លោក Xi Jinping បានថ្លែងថា  រីករាយខ្លាំងណាស់ដែលបានជួបនឹងព្រះមហាក្សតម្តងទៀត។ ឆ្នាំ២០២៣នេះជាខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតចិននិងកម្ពុជា និងឆ្នាំមិត្តភាពចិនកម្ពុជា។ ឆ្នាំនេះក៏ជាខួប ១០ ឆ្នាំដែលខ្ញុំលើកឡើងនូវគំនិតដែលស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាប័ន្នជាមួយប្រទេសជិតខាង។  ខ្ញុំសម្គាល់ថា ទំនាក់ទំនងចិន-កម្ពុជាបានបង្ហាញជាក់លាក់ចំពោះគំនិតនេះនិងគោលការណ៍ការទូតរបស់ចិនដែលគោរពប្រទេសជិតខាងនិងរាប់អានដៃគូដែលជាប្រទេសជិតខាង។ ជឿថា  ក្រោមការខិតខំរួមរបស់ភាគីទាំងពីរ  ការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជានឹងបន្តស៊ីជម្រៅកាន់តែជាក់ស្តែង។
        
លោក Xi Jinping បានបន្តថា   ភាគីចិនយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពពិសេសជាមួយព្រះរាជវង្សានុវង្សកម្ពុជា  ហើយយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា គាំទ្រភាគីកម្ពុជាដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន នឹងបន្តខិតខំពេញទំហឹង  ដើម្បីគាំទ្រកម្ពុជាសម្រេចបាននូវស្ថិរភាពនិងការអភិវឌ្ឍ  ក៏ដូចជាគាំទ្រកម្ពុជាដើរតួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិនិងក្នុងតំបន់។

        ជាការឆ្លើយតប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា  ខ្ញុំមានកិត្តិយសណាស់ដោយបានដឹកនាំគណៈប្រតិភូមកដល់ទីក្រុងហាងចូវដ៏ស្រស់ស្អាតដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី ១៩។ ប្រទេសចិនបានរៀបចំការប្រកួតកីឡាអាស៊ីចំនួន២លើកដយជោគជ័យហើយ   ខ្ញុំជឿថា ក្រោមការដឹកនាំដ៏រឹមនាំរបស់លោកប្រធាន  Xi Jinping   ប្រទេសចិនមុខជាអាចផ្តល់ជូនព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យណាស់ម្តងទៀតចំពោះពិភពលោកជាមិនខាន  ដែលក៏នឹងរួមចំណែកថ្មីដល់ការជំរុញសាមគ្គីភាពនិងមិត្តភាពនៃមហាក្រុមគ្រួសារនៃទ្វីបអាស៊ី។  ប្រជាជនកម្ពុជាចងចាំជានិច្ចនូវចំណងបងប្អូនដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរឹតភ្ជាប់ជាមួយមេដកឹនាំចិន  នឹងថ្នាក់ថ្នមមេត្រីភាពដែកដែបដែលបង្កើតដោយប្រទេសទាំងពីរកម្ពុជាចិន   ឯកភាពទាំងស្រុងចំពោះទស្សនៈគំនិតការទូតស្តីពីស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាប័ន្នជាមួយប្រទេសជិតខាងដែលលោកប្រធានបានលើកឡើង។កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ មានឆន្ទៈចាប់ដៃជាមួយចិនដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”  បង្កើតសហគមន៍រួមវាសនាកម្ពុជាចិន  ជូនពរមិត្តភាពកម្ពុជាចិនស្ថិតស្ថេរគង់វងជាអមតៈ!