វេទិកាធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រចិន-អាស៊ានបានប្រកាសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងព្រំដែនមួយចំនួន

CRI, September 18, 2023
Size:

       ថ្ងៃទី១៦ខែកញ្ញា   វេទិកាធុរកិច្ចអេឡិចត្រូនិចផ្លូវសូត្រចិន-អាស៊ានឆ្នាំ២០២៣ដែលផ្តួចផ្តើមរៀបចំដោយក្រសួងពាណិជ្ជកម្មចិននិងរដ្ឋាភិបាលប្រជាជននៃភូមិភាគស្វយ័តជនជាតិZhuang GuangXi ប្រទេសចិន បានបើកធ្វើនៅទីក្រុងNanNing វេទិកាបានប្រកាសជាលើកដំបូងនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងដែនដូចជាសន្ទស្សន៍អភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិកចិន-អាស៊ានជាដើម  ដែលបង្ហាញពីស្ថានភាពបច្ចុប្បន្ននិងអនាគតអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិកចិន-អាស៊ាន។

      វេទិកាលើកនេះ គឺជាវេទិកាជាន់ខ្ពស់ក្រោមក្របខ័ណ្ឌពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលធុរកិច្ចនិងការវិនិយោគចិន-អាស៊ាន  ដែលបានទាក់ទាញតំណាងរដ្ឋាភិបាល  អ្នកជំនាញបញ្ញាវន្ត  ឥស្សរជនឆ្នើមផ្នែកពាណិជ្ជកម្មនិងក្រុមហ៊ុនវេទិកាធុរកិច្ចអេឡិចត្រូនិកសំខាន់ៗរបស់ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន សរុបជាង៣០០នាក់មកចូលរួម។  នៅក្នុងវេទិកាលើកនេះ មជ្ឈមណ្ឌលសេវាកម្មធុរកិច្ចអេឡិចត្រូនិកឆ្លងដែនឆានែលឌីជីថលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ   មជ្ឈមណ្ឌលផ្លាស់ប្តូរធុរកិច្ចអេឡិចត្រូនិកនៃសួនឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-អាស៊ានបានបើកស្លាក  ហាងផលិតផលគុណភាពល្អអាស៊ាននៃក្រុមហ៊ុនJingDongបានបើកហាង។ល។  សមិទ្ធផលទាំងនេះរួមគ្នាធ្វើជាសាក្សីនៃអនាគតអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មធុរកិច្ចអេឡិចត្រូនិកចិន-អាស៊ាន៕