លោកLi Qiangនាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោកPhạm Minh Chínhនាយករដ្ឋមន្ត្រីវៀតណាម

CRI, September 18, 2023
Size:

     រសៀលថ្ងៃទី១៦ខែកញ្ញា នៅទីក្រុងNanNingភូមិភាគស្វយ័តGuangXi   លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោកPhạm Minh Chínhនាយករដ្ឋមន្ត្រីវៀតណាដែលមកចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០នៅប្រទេសចិន។

      លោកLi Qiangបានលើកឡើងថា    ភាគីចិនរីករាយរួមជាមួយភាគីវៀតណាមដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក   នាំចូលផលិតផលវៀតណាមដែលមានគុណភាពខ្ពស់និងសក្តិ៍សមនឹងទីផ្សារកាន់តែច្រើន  ពិភាក្សាអំពីការជំរុញការបើកចំហនិងការលើកកម្ពស់លំដាប់ថ្នាក់នៃច្រកទ្វារព្រំដែន   ពន្លឿនការសាងសង់កំពង់ផែឆ្លាតវៃ ដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់ការប្រាស្រ័យទៅមកនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ   ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យតភ្ជាប់គ្នាខាងផ្លូវដែក និងសារធាតុរ៉ែសំខាន់ៗជាដើម    ចាប់ដៃគ្នាដើម្បីបង្កើតប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងប្រកបដោយភាពឈ្នះៗ ស្ថិរភាពនិងភាពរលូន   ពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យយុវជន ការអប់រំ សុខាភិបាល និងទេសចរណ៍ជាដើម  ដើម្បីជំរុញការយល់ដឹងនិងភាពជិតស្និទ្ធគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

      លោកPhạm Minh Chínhបានថ្លែងថា  ភាគីវៀតណាមរីករាយអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់ដែលថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរបានឈានដល់  ជំរុញការកសាងទំនុកចិត្តនយោបាយរវាងគ្នានិងគ្នាថែមមួយកម្រិតទៀត  ពង្រឹងការតភ្ជាប់រវាងច្រករបៀងសេដ្ឋកិច្ចពីរនិងរង្វង់សេដ្ឋកិច្ចឈូងសមុទ្រBeibuនិងខ្សែក្រវាត់និងផ្លូវ  ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងវប្បធម៌មនុស្សជាតិជាដើម   គ្រប់គ្រងការខ្វែងគំនិតឱ្យបានសមរម្យ   ធ្វើឱ្យការសម្របសម្រួលនិងសហការពហុភាគីមានភាពកាន់តែស្អិតល្មួត  ព្រមទាំងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីទៀត៕