លោក Li Qiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

CRI, September 18, 2023
Size:

   

នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជន 

    ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៦៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជា ប្រទេសចិនរីករាយរួមសហការជាមួយកម្ពុជាដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់ៗរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រថែមមួយកម្រិតទៀត ក្នុងន័យជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាឱ្យទទួលបានការវិវឌ្ឍថ្មីឥតឈប់ឈរ 

    លោក Li Qiang បានលើកឡើងទៀតថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនការតភ្ជាប់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយកម្ពុជាថែមមួយកម្រិតទៀត អនុវត្តឱ្យបានប្រាកដប្រជានូវក្របខ័ណ្ឌ"កិច្ចសហប្រតិបត្តិការត្បូងពេជ្រ" រវាងចិននិងកម្ពុជានិងផែនការប្រតិបត្តិស្តីពីការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ជំរុញការកសាង"ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា"និង"ច្រករបៀងត្រីនិងអង្ករ" ក៏ដូចជាជំរុញការលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់នៃកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម កសិកម្ម សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើមដើម្បីទទួលបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើន 

    ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាគោរពតាមគោលការណ៍ប្រទេសចិនតែមួយ ហើយមានឆន្ទៈក្នុងការត្រួសត្រាយកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនថែមមួយកម្រិតទៀតលើគ្រប់វិស័យ ដូចជាថាមពល កសិកម្ម កិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ ការវិនិយោគនិងវប្បធម៌មនុស្សជាតិជាដើមក្រោមក្របខ័ណ្ឌ"កិច្ចសហប្រតិបត្តិការត្បូងពេជ្រ" ក៏ដូចជាបង្កើនកិច្ចសម្របសម្រួលនិងកិច្ចសហការក្នុងកិច្ចការអន្តរជាតិនិងតំបន់ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិន