វេទិកាស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ លើកទី ៣ ប្រារឰនៅក្រុងប៉េកាំង

lmcchina.org, September 18, 2023
Size:

នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ លើកទី ៣ បានប្រារឰនៅក្រុងប៉េកាំងដោយជោគជ័យ។ ឯកឧត្តម ធាន សៀពីន អនុរដ្ឋមន្ត្រីក្រសួងធារាសាស្ត្រចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកានេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន វ៉ាង ហ្វូខាង ដែលមកពីនាកយដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន ឯកឧត្តម អ៊ូ អាងជាធុន អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងទូរគមនាគមន៍មីយ៉ាន់ម៉ា ឯកឧត្តម ចាតណែត ប៉ូរ៉ាថា អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ព្រមទាំងអ្នកទទួលខុសត្រូវនៃក្រសួងធារាសាស្ត្រ និងឧតុនិយមកម្ពុជា ការិយាល័យជាតិធនធានទឹកប្រទេសថៃ និងគណៈកម្មាធិការជាតិទន្លេមេគង្គប្រទេសវៀតណាម បានអញ្ជើញចូលរួមពិធីបើកវេទិកា និងថ្លែងសុន្ទរកថា។

ឯកឧត្តម វ៉ាង ហ្វូខាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ ហើយបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការធនធានទឹកជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយក៏ជាចំណុចដ៏សំខាន់គួរឱ្យកត់សម្គាល់មួយដែរ ដែលបានរួមចំណែកជាច្រើនក្នុងការកែលម្អប្រព័ន្ធអភិបាលកិច្ចក្នុងតំបន់។ អ្នកតំណាងដែលមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ និងបានលើកសំណើដ៏មានតម្លៃសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ និងអគ្គលេខាធិការដ្ឋានទន្លេមេគង្គបានធ្វើបទបង្ហាញអំពីកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ។

វេទិកានេះរៀបចំក្រោមប្រធានបទ“កែសម្រួលហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ គាំពារសន្តិសុខទឹកក្នុងតំបន់”។ ភាគីនានាបានពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក ការថែរក្សាសន្តិសុខទឹក និងការអនុវត្តតាមគោលដៅធនធានទឹកនៃរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ក្រុមការងារសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ និងគណៈកម្មាធិការទន្លេមេគង្គបានរៀបចំកិច្ចប្រជុំវិសាមញ្ញ ដើម្បីធ្វើការផ្លាស់ប្តូរគ្នាអំពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងចែករំលែកព័ត៌មានជាដើម។ អង្គវេទិកាបានប្រកាស“គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ លើកទី ៣”។ គួរបញ្ជាក់ថា អ្នកតំណាងជិត ១២០ នាក់ដែលមកពីស្ថាប័នរដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សហគ្រាស អគ្គលេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គ និងអង្គការអន្តរជាតិផ្សេងៗ បានចូលរួមក្នុងវេទិកានេះ។